ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២១នេះ បាន ប្រកាសសាលដីកា និង តម្កល់ទោសពិរុទ្ធជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ដាក់គុកអស់មួយ ជីវិត ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជិត១គីឡូក្រាម ដោយលេបថ្នាំញៀនទុក នៅក្នុងពោះរបស់គាត់ ប្រព្រឹត្តនៅចំណុច ច្រកអ្នកធ្វើដំណើរមកដល់ នៃ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៦។
លោកចៅក្រម និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹង ក្នុងអង្គសវនាការថា ជនជាប់ចោទ មានឈ្មោះ BOTHA JACOBUS DAWIE ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិអាហ្វ្រិកខាងត្បូង។
ជនជាប់ចោទ BOTHA JACOBUS DAWIE ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៧ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត និង ពិន័យជាប្រាក់ ចំនួន ៤០លានរៀលសម្រាប់ដាក់ចូលក្នុងថវិកាជាតិ។
តែគាត់បានប្តឹងឧទ្ធរណ៍ ។ សាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់ទោសរបស់គាត់ រក្សាទុកដដែល។ គាត់បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូល។
ជនជាប់ចោទត្រូវចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៦ ចំំណុច កន្លែងប្រព្រឹត្តបទល្មើស និង ទីតាំង ដូច ខាងលើ នៅក្នុងព្រលានយន្តហោះអន្ថរជាតិភំ្នពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃ ក្រសួងមហាផ្ទៃ ដកហូតបានគ្រឿងញៀន ប្រភេទកូកាអ៊ីន មានទម្ងន់ សរុប ចំនួន ៥៨៧, ១០ ក្រាម ដែលលាក់ទុក នៅក្នុងពោះរបស់គាត់៕
ដោយ: រស្មី អាកាស