ព័ត៌មានជាតិ

ជម្រះបណ្តឹងសារទុក្ខ ជនជាតិចិនម្នាក់ ពាក់ព័ន្ធការសម្លាប់មិត្តភក្តិ​​ ជាជនជាតិចិនដូចគ្នា កាត់សព៣កំណាត់ ខ្ចប់យកបោះចោល រួចគេចខ្លួន

ភ្នំពេញ៖ តុលាការកំពូល កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខរបស់ពិរុទ្ធជន ជនជាតិចិនម្នាក់ ដែលត្រូវជាប់គុក១០ ឆ្នាំ ជាប់ពាក់ព័ន្ធអំពើឃាតកម្ម ដោយចាក់សម្លាប់ បុរសជនជាតិចិនម្នាក់ ដោយរឿងជម្លោះពាក្យសម្ដីគ្នា ប្រព្រឹត្តនៅចំណុចប្តូរប្រាក់ជំាងស៊ូ សិត្ថនៅក្រុងទី១៤ ភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងខែ កញ្ញាឆ្នាំ ២០១៩។

លោក និល ណុន ជាប្រធានចៅក្រមជំនុំជម្រះ បានអោយដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ Zhou Ya Yun ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ចិន ។ ចំណែកឯ ជនរងគ្រោះ មានឈ្មោះ Wu Cheng Hui ភេទ ប្រុស ជនជាតិចិន មានមុខរបរលក់ចាប់ហួយ និងប្ដូរលុយ មានទីលំនៅនៅចំណុចកើតហេតុខាងលើ។

នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទឈ្មោះ Zhou Ya Yun ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃ ទី២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ ពីបទ៖ ឃាតកម្ម និងបទលាក់បាំងសាកសព តាមបញ្ញត្តិ មាត្រា ១៩៩ និង មាត្រា ៥៣១ នៃក្រមព្រហ្មទណ្ឌ ។

តែគាត់បានប្តឹងរឧទ្ទរណ៍ ខណៈសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ​បានតម្កល់ទោសគាត់រក្សានៅដដែល។ គាត់ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន ដោយ សមត្ថកិច្ចនគរបាលព៦ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីគាត់បានសម្លាប់ជនរងគ្រោះ ដោយចាក់នឹងកាំបិតរួចហើយ កាប់សាកសពជាបីកំណាត់ ខ្ចប់ក្នងថង់ខ្មៅ ដឹកតាមឡាន យកទៅបោះចោល នៅក្នុងដីឡូត៍មួយកន្លែង នៅក្នុងខេត្តព្រះសីហនុ រួចគេខ្លួន។

តុលាការកំពូល បានលើកពេល សវនាការ ប្រកាសដីកា នៃ សំណុំរឿងក្តីនេះ ទៅធ្វើ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ៕ ដោយ៖​ រស្មី អាកាស

To Top