ព័ត៌មានជាតិ

សម្តេចតេជោ ប្រកាសរៀបចំ សម្ពោធពហុកីឡដ្ឋានជាតិ មរតកតេជោ ឲ្យធំយ៉ាងអធិកអធម ព្រោះជាអំណោយលោក ស៊ីជិន ពីង

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសរៀបចំសម្ពោធ ពហុកីឡដ្ឋានជាតិមរតកតេជោ នៅចុងឆ្នាំនេះ ឲ្យធំយ៉ាងអធិកអធម ព្រោះជាអំណោយ របស់ប្រធានាធិបតីចិន លោក ស៊ីជិន ពីង ផ្តល់ឲ្យសម្តេច។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ បានមានប្រាសាសន៍ថា “សម្រាប់ជាមួយមិត្តចិន គឺយើងធ្វើឲ្យល្អ យើងមិនដែលមានស្តាតធំ បែបនេះទេ មួយនេះអស់ទាស់ហើយ ! នេះជាកាដូប្រធានាធិបតី ស៊ី ជិនពីង ជូន ហ៊ុន សែន ។ កាដូរដ្ឋាភិបាល និងប្រជាជនចិន ជូនរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ទុកតកូនចៅតែម្តង»។

សម្តេចបន្តថា គម្រោងស្តាតត្រូវបានគេយកមក ឲ្យសម្តេចពិនិត្យ ហើយសម្តេចក៏បានសម្រេច យករូបគម្រោងសំពៅ ខណៈកំពុងមានទំនាក់ទំនង ផ្លូវសូត្រកម្ពុជា-ចិន។ សម្តេចលើកឡើងថា គម្រោងនេះបង្ហាញពីសម័យដើម ការតភ្ជាប់ គ្នាដោយប្រើសំពៅ ។

ផ្ទាំងពាណិជ្ជកម្ម

សម្តេចបញ្ជាក់ថា «ខ្ញុំជ្រើសរើសគម្រោង បែបសំពៅព្រោះថា ត្រូវរឿង និងត្រូវក្បូរក្បាច់គ្រប់រឿង”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា-ចិនបានធ្វើពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមវត្តមាននាសម្តេចតេជោ និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និង ជារដ្ឋមន្ត្រីការបរទេសចិន។ ពហុកីឡដ្ឋានជាតិ មរតកតេជោ អាចផ្ទុកអ្នកទស្សនា ជាង៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជន ត្រឹម៧នាទី ក្នុងករណីមានហេតុការណ៍ មិនប្រក្រតីកើតឡើង។

ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានចម្ងាយ ១២គីឡូម៉ែត្រពីវត្តភ្នំ និងសាងសង់លើផ្ទៃដី ទំហំជាង៨៥ហិកតា ចំណាយប្រមាណ២០០លានដុល្លារ ៕

To Top
×