ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់មន្ត្រីបក្សប្រជាជន ដាក់ពាក្យប្រកួតជាបេក្ខជន នាយករដ្ឋមន្ត្រី ជាមួយ ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យមន្ត្រី ក្នុងជួរគណបក្សប្រជាជន ដាក់ពាក្យជាបេក្ខជននាយករដ្ឋមន្ត្រី បើសិនមន្ត្រីរូបនោះ ចង់ប្រកួតប្រជែងជាមួយលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង ។ ប៉ុន្តែទោះបីជាយ៉ាងណាសម្តេចថា សម្តេចគាំទ្រកូនប្រុស ហ៊ុន ម៉ាណែតហើយ។

នេះជាការថ្លែងសារលើកទី២ហើយ របស់សម្តេចតេជោ ក្នុងរយៈពេល ២សប្តាហ៍ជាប់គ្នា ក្នុងការលើក លោក ហ៊ុន ម៉ាណែត ឲ្យធ្វើជានាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគតពោរ ប្រមាណជា១០ឆ្នាំខាងមុខទៀត ។ ការថ្លែងជាថ្មី របស់សម្តេចនេះ ក្រោយមានអ្នកប្រឆាំង និងវិភាគបានវិភាគរិះគន់អំពី លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រី ជាហូរហែរ ។ អ្វីដែលជាចំណុចចាប់អារម្មណ៍សម្តេចថា មានបុគ្គលម្នាក់នោះ បានលើកពីសម្តេច ស ខេង សមធ្វើជានាយករដ្ឋមន្រ្តីជាង ដោយបុគ្គលនោះបាននិយាយថា សម្តេច ស ខេង ជាផ្កាយនាំសំណាង ជាងសម្តេចតេជោ ។ ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏ប្រាប់សម្ដេច ស ខេង ឲ្យចេញបកស្រាយ លើការវិភាគ របស់ក្រុមប្រឆាំង ជុំវិញបេក្ខភាពនាយករដ្ឋមន្រ្តី។

ក្នុងឱកាស សម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង នាថ្ងៃទី៦ ធ្នូនេះ សម្តេចតេជោ មានប្រសាសន៍ថា ជាធម្មតាឪពុក តែងតែចង់ ឲ្យកូនធ្វើធំហើយ បើមិនចង់ឲ្យកូនធ្វើធំ មានតែភូតខ្លួនឯង ។ ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណ ចំពោះការគាំទ្រយ៉ាងភ្លុកទឹកភ្លុកដី ទៅលើបេក្ខភាពជានាយករដ្ឋមន្ត្រី របស់លោក ហ៊ុន ម៉ាណែត នាពេលខាងមុខដែលសម្ដេចធ្វើការជ្រើសរើសដោយផ្ទាល់ ។ សម្ដេចថា ក្រោយការប្រកាស បេក្ខភាពនាយករដ្ឋមន្ត្រី របស់លោក ហ៊ុន ម៉ាណែត មានទាំងអ្នកគាំទ្រ អ្នកមិនគាំទ្រ និងអ្នកចំអក ។

សម្ដេចបន្តថា ថ្ងៃណាក៏ពួកប្រឆាំងនិយាយពីរឿងផ្ទេរអំណាច អីចឹងមានតែប្រើយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង គឺប្រកាសបេក្ខភាព នាយករដ្ឋមន្ត្រី របស់លោក ហ៊ុន ម៉ាណែត តែម្ដងដើម្បីបញ្ចប់បញ្ហា ។

សម្ដេចតេជោ មានប្រសាសន៍ថា «ប៉ុន្តែខ្ញុំសូមរំលឹកបន្តិចអំពីចំណុចនេះ ខ្ញុំប្រើពាក្យថា ហ៊ុន ម៉ាណែត បេក្ខជនមួយក្នុងចំណោម បេក្ខជនផ្សេងទៀត មានន័យថា មិនមែនមានតែ ហ៊ុន ម៉ាណែត មួយទេ ជាបេក្ខជននាយករដ្ឋមន្ត្រី ដែលមានន័យពីរបែប ។ ១.ន័យក្នុងបក្សប្រជាជនខ្លួនឯង ន័យទូទៅដែលបក្សនយោបាយ សុទ្ធតែមានសិទ្ធិដាក់ បេក្ខភាពនាយករដ្ឋមន្ត្រី នេះជាន័យទី១ ។ ន័យទី២ ត្រូវឆ្លងកាត់តាមរយៈការបោះឆ្នោត ព្រោះនាយករដ្ឋមន្ត្រី ត្រូវតែជាសមាជិកសភា បើមិនមែនសមាជិកសភា មិនអាចធ្វើបានទេ» ។

សម្ដេចបន្ថែមថា រដ្ឋធម្មនុញបានចែងច្បាស់ គឺនាយករដ្ឋមន្ត្រី ត្រូវជាសមាជិកសភា…ជួនកាលពួកប្រឆាំងបំផុសលេងថា អង្គប្រជុំនេះដំណើរការទៅបរាជ័យ ដោយសារសម្ដេច ហ៊ុន សែន ផ្ទេរអំណាចឲ្យកូនអត់បាន ។ សម្ដេចថា ការបំផុសនេះដើម្បី វាយប្រហារត្រកូល ហ៊ុន តែឥឡូវត្រកូល ហ៊ុន ចាប់ផ្ដើមរើបំរះ ពីការប្រមាថមើលងាយ ពីពួកប្រឆាំងមិនថា មកពីជ្រុងណាទិសណាទេ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកឡើងថា «ន័យទី១ ដែលខ្ញុំបានបញ្ជាក់ បេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជនផ្សេងទៀត ចឹងទេក្នុងបក្សប្រជាជន អ្នកណាចង់ប្រណាំងប្រជែងជាមួយ ហ៊ុន ម៉ាណែត សូមដាក់បេក្ខភាពមក ន័យទី២ គឺដំណើរការប្រជាធិបតេយ តាមរយៈការបោះឆ្នោត មិនមែនតាមរយៈវិធីផ្សេងទេ ។ ចំពោះចំណុចទី៣ ពាក្យថាអនាគត គឺខ្ញុំបានប្រកាសហើយថា ខ្ញុំធ្វើ (នាយករដ្ឋមន្ត្រី) លែងកំណត់ឆ្នាំ ចឹងមនដឹងថ្ងៃណា ហ៊ុន ម៉ាណែត នៅចាំចឹងទៅ នេះជាការបម្រុងទុក ហើយក្នុងគំនិតរបស់ខ្ញុំ ការបម្រុងទុកមានមិនតិចជាង ៤នាក់ទេ» ។

សម្ដចសង្កត់ធ្ងន់ថា បើសម្ដេចនៅធ្វើជានាយករដ្ឋមន្ត្រី តើឲ្យកូនមកធ្វើអ្វី ហើយសួរថា កូនចង់បានទេ គឺអត់ទេ សូម្បីតែចូលក្នុងសមាជិក រាជរដ្ឋាភិបាល ក៏សម្ដេចមិនឲ្យចូលដែរ ។

សម្ដេចតេជោបញ្ជាក់ច្បាស់ៗថា «វិធីតែមួយគត់ដែលអាចដូរទិសបាន គឺធ្វើឃាត ហ៊ុន សែន ឲ្យបាន ឬ ហ៊ុន សែន ស្លាប់ដោយសារសុខភាព ដូចដែលគេបានធ្វើខ្ញុំនៅ សៀមរាបកាលពីឆ្នាំ១៩៩៨។ ការដូរទិសដោយការធ្វើឃាត ហ៊ុន សែន ក៏មិនប្រាកដថា អ្នកឯងនៅរស់ទេ កម្លាំងប្រដាប់អាវុធអាចវាយមកភ្លាមៗ…សូមកុំធ្វើទង្វើថោកទាប ។ ថ្ងៃនោះបើខ្ញុំរបួស ឬស្លាប់ នៅសៀមរាប ឈាមដាបពោះដំរីបណ្ដោយ ព្រោះទៅពីភ្នំពេញ យកទៅទាំងអស់» ។

សម្ដេចថ្លែងថា បើសិន សម្តេចស្លាប់ ដោយសារជំងឺ ពេលនោះក៏នឹងត្រូវដូរទិសដែរ ។ សម្ដេចក៏បានរំលឹកដែរថា បើសម្ដេចចង់ធ្វើប្រធានបក្ស គឺធ្វើតាំងពីឆ្នាំ១៩៩១ មុនចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ពេលនោះសម្ដេច ជា ស៊ីម អត់ចង់ធ្វើប្រធានបក្ស ព្រោះសម្ដេចតេជោ ទទួលបានសន្លឹកឆ្នោតច្រើនជាងគេ ។

លើសពីនេះសម្ដេចគូសបញ្ជាក់ថា សម្ដេចក៏បានត្រៀមបេក្ខជនរហូតដល់៤នាក់ផងដែរ សម្រាប់បេក្ខភាពនាយករដ្ឋមន្រ្តី បើក្នុងករណីលោក ហ៊ុន ម៉ាណែត កសាងកំហុសអ្វីមួយ គឺសម្ដេចមិនអាចបន្តគាំទ្រកូនប្រុស ក្នុងពេលដែលគេបានប្រព្រឹត្តខុស ធ្វើឲ្យបក្សបាត់បង់ប្រជាប្រិយភាព ។

សម្តេចក៏ឲ្យបណ្តាមន្រ្តីជាន់ខ្ពស់ផ្សេងទៀតក្នុងជួររាជរដ្ឋាភិបាលដាក់កូនៗរបស់ខ្លួន មកធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅ ដោយគ្មានការហាមឃាត់ឡើយ ៕

To Top