ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ៖ បច្ចុប្បន្នកម្ពុជា​ មានរថយន្ដ៩២ម៉ឺនគ្រឿង និងទោចក្រយាយន្ដ ៥,២លានគ្រឿង

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នាពេលបច្ចុប្បន្ននៅប្រទេសកម្ពុជាមានរថយន្ដ ៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្ត កើនឡើងដល់ ៥,២លានគ្រឿង។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា «កំណើនរថយន្ត និងទោចក្រយានយន្ត បច្ចុប្បន្នធៀបនឹង ឆ្នាំ១៩៩៨ ចំនួនរថយន្តមានការកើនឡើងប្រមាណពី៦,៥ម៉ឺនគ្រឿង រហូតដល់៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្ត កើនឡើងប្រមាណពី ២០ម៉ឺនគ្រឿងរហូតដល់ ៥,២លានគ្រឿង»។

លោកបន្ដថា «ដោយឡែកបើប្រៀបធៀបអំពីសុខមាលភាពសាធារណៈ រវាងឆ្នាំ១៩៩៨ និងបច្ចុប្បន្ន អាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋកម្ពុជា ក៏មានការកើនឡើង គួរឲ្យកត់សម្គាល់ផងដែរ ពោលគឺពី៥៦ឆ្នាំរហូតដល់ជាង៧០ឆ្នាំ ដែលជាសូចនាករមួយបង្ហាញ ឲ្យឃើញភាពប្រសើរឡើងជីវភាពរស់ នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ»។

លោកគូសបញ្ជាក់ពីមូលដ្ឋានគ្រឹះនៃសុខសន្តិភាព ដែលបានផ្តល់ឱកាសឲ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិឡើងវិញ ព្រមទាំងបោះជំហានយ៉ាង រឹងមាំលើមាគ៌ាអភិវឌ្ឍន៍ និងទទួលបានការរីកចម្រើន លើគ្រប់វិស័យគួរជាទីមោទនៈ ស្របតាមពាក្យស្លោក «មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូច ពេលសព្វថ្ងៃនេះ»។

លោកបន្ថែមថា ការដាក់ចេញយុទ្ធសាស្រ្តគន្លឹះ និងនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បាននាំមកឲ្យកម្ពុជា នូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមពេញលេញ ព្រមទាំងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យទាំងនៅទីក្រុង និងជនបទ ៕

To Top