ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ឃុំខ្លួនបុរសដែលប្រកាសចែកលុយ និង មាស តាមហ៊្វេសប៊ុក ពីបទឆបោក និង ធ្វើចរាចរណ៍ រូបិយប័ណ្ណបរទេសក្លែងក្លាយ នៅខេត្តស្ទឹងត្រែង

ភ្នំពេញ​​៖  ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃ ទី ៦ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរស ដែលតាំងខ្លួន ជាមហាសេដ្ឋី និង ប្រកាសចែកលុយ ដុល្លារអាមេរិក, ខែ្សក និង មាស តាមរយៈហ្វេសប៊ុកនោះ
នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើសវនាការ តាមច្បាប់ ជាប់ ពាក់ព័ន្ធការឆបោក តាមអនឡាញ (online) និង ការធ្វើចរាចរណ៍រូបិយវត្ថុ និង រូបិយប័ណ្ណក្លែងក្លាយ ប្រព្រឹត្តនៅភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២ និង ៣ ខែ ធ្នូ ឆ្នាំ២០២១ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង បានអោយដឹងថា ជនត្រូវចោទរូបនេះ មាន ឈ្មោះ កុង សីលា ភេទ ប្រុស មុខរបរ កសិករ មានទីលំនៅ នៅភូមិស្រែឫស្សីកែវ ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ជនជាប់ចោទត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: ឆបោក និង ការធ្វើចរាចរណ៍រូបិយវត្ថុក្លែងក្លាយ និង ប្រឈមនឹងការជាប់គុក រហូត៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពីពិរុទ្ធភាព។

ជនត្រូវចោទ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២១ នៅភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បន្ទាប់ពីគាត់បានប្រព្រឹត្តបទល្មើស ខាងលើ៕ដោយ រស្មី អាកាស

To Top