ព័ត៌មានជាតិ

អភិបាលរាជធានីផ្តល់កាគាំទ្រ ដល់ការសាងសង់ មន្ទីរពេទ្យពហុជំនាញភ្នំពេញ កំពស់ ២៦ជាន់

ភ្នំពេញ៖ មន្ទីរពេទ្យពហុជំនាញភ្នំពេញ នឹងត្រូវសាងសង់ឡើង ដោយមានកំពស់ ២៦ជាន់ ដែលមានក្រោមដី ៣ជាន់ និងអាចដាក់គ្រែសំរាកពិនិត្យព្យាបាល អ្នកជំងឺបាន ពី១៥០ ទៅ ២០០គ្រែ គ្រោងសាងសង់ឲ្យរួចរាល់ ក្នុងរយៈពេលពី ៤ទៅ៥ឆ្នាំ ។

សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ បានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលា តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខសេចក្តីចំរើន បើកការដ្ឋានសាងសង់ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា នៅរសៀលថ្ងៃទី៦ធ្នូនេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត​ឈុន ឡាយ ជាតំណាងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ។

បើតាមអ្នកគ្រប់គ្រង មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ បានគូសបញ្ជាក់ថា ដោយមានការផ្តល់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ លោក ឃួង ស្រេង និងលោកស្រី បានធ្វើឲ្យគំរោងសាងសង់ មន្ទីរពេទ្យពហុជំនាញភ្នំពេញ នាពេលនេះ ចេញជារូបរាង ដើម្បីបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ដោយបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ទំនើបទាន់សម័យ និងគ្រប់ជំនាញ។

ផ្ទាំងពាណិជ្ជកម្ម

លោកបញ្ជាក់ទៀតថា មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ ជាពេទ្យឯកជន ដែលបំរើសេវាសុខភាព ដូចពេទ្យរដ្ឋដែរ ដោយគិតទៅលើការជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលខ្វះខាតជាចំបង ។

សូមបញ្ជាក់ថា សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ អភិបាលរាជធានីភ្នំពេញ រួមនឹងអង្គភាពជំនាញ បានដំណើរការបង្ខិតសេវាសុខាភិបាល ពង្រឹងនិង ពង្រីកយន្តការនៃការផ្តល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈងាយស្រួល ដល់ការចូលរួម របស់សេវាសុខាភិបាលឯកជន ក្នុងនោះគិតត្រឹមឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ មានការិយាល័យ សុខាភិបាល ស្រុកប្រតិបត្តិ ចំនួន៧, មន្ទីរពេទ្យ បង្អែកចំនួន១,មន្ទីរពេទ្យថ្នាក់ស្រុកចំនួន៧, មណ្ឌលសុខភាពចំនួន៤៣, ប៉ុស្តិ៍សុខភាពចំនួន៧ ដែលជាសេវាគ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាល ឯកជនចំនួន២៧៥៧ទីតាំងបន្ថែមទៀត កំពុងផ្តល់សេវាពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

To Top
×