ព័ត៌មានជាតិ

ស្លាប់តិចបំផុត៤៨នាក់ ក្នុងអំឡុងពេលកើតជម្លោះ ក្នុងក្រុមកុសម្ព័ន្ធនៅក្នុងប្រទេសស៊ូដង់

KHARTOUM៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ថា គណៈកម្មាធិការកណ្តាលនៃក្រុមវេជ្ជបណ្ឌិតរបស់ស៊ូដង់ ដែលជាអង្គការមិនមែនរដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់៤៨នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះកុលសម្ព័ន្ធមួយនៅក្នុងរដ្ឋ West Darfur នៃប្រទេសស៊ូដង់។


សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “របាយការណ៍ដំបូងបានបង្ហាញថា មានអ្នកស្លាប់ចំនួន៤៨នាក់ដោយសារគ្រាប់រំសេវ និងរបួសមួយចំនួនធំ ដែលខ្លះធ្ងន់ធ្ងរជាលទ្ធផលនៃជម្លោះបង្ហូរឈាមនៅក្នុងតំបន់ Kirainik ក្នុងរដ្ឋ West Darfur” ។

នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ ការសម្របសម្រួលទូទៅសម្រាប់ជនភៀសខ្លួន និងជនភៀសខ្លួននៅក្នុងទីក្រុង Darfur ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយផងដែរ បានបញ្ជាក់ថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ ឬរងរបួសជាលទ្ធផលនៃការវាយប្រហារដោយក្រុមប្រដាប់អាវុធលើតំបន់ Kirainik ក្នុងរដ្ឋ West Darfur ។

គេបានកត់សម្គាល់ឃើញថា “អំពើហឹង្សាបានផ្ទុះឡើងនៅក្នុងតំបន់នេះ បន្ទាប់ពីកងជីវពលប្រដាប់អាវុធបានសម្លាប់ និងបង្ករបួសដល់ជនភៀសខ្លួនផ្ទៃក្នុង (IDPs) និងបានដុតបំផ្លាញជំរុំ IDP និងទីផ្សារនៃតំបន់ Kirainik ក្នុងរដ្ឋ West Darfur” ។

អាជ្ញាធរស៊ូដង់មិនបានបញ្ចេញព័ត៌មានលម្អិតអំពីចំនួនមនុស្សស្លាប់ ឬរបួសក្នុងព្រឹត្តិការណ៍ទាំងនោះទេ ។

ទន្ទឹមនឹងនេះ អភិបាលនៃតំបន់ Darfur លោក Arko Minni Minnawi បានឲ្យដឹងថា ការងារកំពុងដំណើរការដើម្បីដាក់ចេញនូវវិធានការណ៍ម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការចល័តកុលសម្ព័ន្ធ និងការបែងចែកដែលនឹងនាំឱ្យមានការដុតបំផ្លាញភូមិ និងការកើនឡើងជម្លោះ ។

ក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាលរបស់ប្រទេសស៊ូដង់ បានបើកកិច្ចប្រជុំជាទៀងទាត់នៅឯវិមានសាធារណៈរដ្ឋក្នុងទីក្រុង Khartoum កាលពីថ្ងៃចន្ទ ហើយបានពិនិត្យមើលឡើងវិញនូវព្រឹត្តិការណ៍អកុសលនៅក្នុងរដ្ឋ Darfur និង Kordofan ដែលបណ្តាលឱ្យជនរងគ្រោះ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top