នយោបាយ

កម្ពុជា ប្រាថ្នាចង់ឱ្យប្រជាជាតិ មីយ៉ាន់ម៉ា រីករាយក្នុងជីវិតជាមួយ សន្តិភាព

ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា គឺលោក វុនណា ម៉ោងល្វីន (Wurna Maung Lwin) នៅកម្ពុជារយៈពេល២ថ្ងៃ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានបង្ហាញនូវ សេចក្តីប៉ងប្រាថ្នាតែមួយគត់ របស់កម្ពុជា គឺចង់ឱ្យប្រជាជាតិមីយ៉ាន់ម៉ាទាំងមូល រីករាយក្នុងជីវិតជាមួយសន្តិភាព និងភាពសុខដុមរមនា។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ បានលើកឡើងថា «ក្នុងនាមជាសមាជិកអាស៊ានដូចគ្នា និងជាមិត្តយូរអង្វែងរបស់មីយ៉ាន់ម៉ា សេចក្តីប៉ងប្រាថ្នាតែមួយគត់របស់កម្ពុជា គឺចង់ឱ្យប្រជាជាតិមីយ៉ាន់ម៉ាទាំងមូល រីករាយក្នុងជីវិតជាមួយសន្តិភាព និងភាពសុខដុមរមនា»។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពដដែលបញ្ជាក់ថា «កម្ពុជា ដែលធ្លាប់ជាប្រទេសហែកហួរ ដោយសារសង្រ្គាម ជឿជាក់ថា មាគ៌ាតែមួយគត់ដើម្បីបញ្ចប់អំពើហឹង្សា និងស្តារឡើងវិញនូវប្រក្រតីភាព គឺតាមរយៈដំណើរការនៃកិច្ចសន្ទនា និងការសម្រុះសម្រួលក្នុងចំណោមភាគី ពាក់ព័ន្ធទាំងអស់ ហើយដំណើរការនេះត្រូវតែចាប់ផ្តើម នៅពេលណាមួយជាក់ជាពុំខាន។ កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍អព្យាក្រឹត និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ»។

កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នឹងខិតខំធ្វើតាមអ្វីដែលអាចធ្វើទៅបាន ដើម្បីជួយប្រទេស និងប្រជាជនមីយ៉ាន់ម៉ា ទទួលបាននូវស្ថិរភាពនិងសន្តិសុខ។ កម្ពុជាឈរជាមួយប្រទេស និងប្រជាជនមីយ៉ាន់ម៉ា ក្នុងគ្រាដ៏លំបាកនេះ ហើយយើងនឹងបន្តធ្វើដូច្នេះ តាមរយៈការគាំទ្រឧបត្ថម្ភមនុស្សធម៌៕

To Top
×