ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះ អន្តរជាតិខេត្តកណ្តាល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ការអញ្ជើញចុះពិនិត្យ ការដ្ឋានសាងសង់នៅថ្ងៃនេះ គឺជាដំណើរលើកទីពីរហើយ ដោយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះត្រួតពិនិត្យដំណើរការ សាងសង់ព្រលានយន្តអន្តរជាតិ នេះរួចម្តងមកហើយ។

ផ្ទាំងពាណិជ្ជកម្ម

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ សាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជា ដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគ រវាងក្រុមហ៊ុនសាជីវកម្ម វិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិនផងដែរ។

ព្រលានយន្តហោះភ្នំពេញថ្មីនេះ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត ហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមាន មហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី ៕

To Top