នយោបាយ

សម្តេចតេជោ៖ ២៤ធ្នូ នឹងបើកសន្និបាត គណៈកម្មាធិការកណ្តាល បក្សប្រជាជន ដើម្បីសម្រេចបេក្ខភាព នាយករដ្ឋមន្រ្តីបន្តវេន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ សមាជិក-សមាជិកការកណ្តាល នឹងរៀបចំសន្និបាត គណៈកម្មាធិការកណ្តាល គណបក្សបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចលើបេក្ខភាព អ្នកបន្តវេន អនាគត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងឱកាសចុះត្រួតពិនិត្យ​ ការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ថ្ងៃទី២៤ ធ្នូខាងមុខនេះ សមាជិក-សមាជិការកណ្តាល ត្រៀមចូលរួម សន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស ដើម្បីសម្រេចទៅលើបេក្ខភាព នាយករដ្ឋមន្រ្តីបន្តវេន និងមានកិច្ចការងារមួយចំនួន ដែលគណៈកម្មាធិការត្រូវធ្វើ»។

សម្ដេចតេជោបន្ដថា «ភាពល្ងង់របស់គេ ស្មើរនឹងលើកដុំថ្ម ទំលាក់លើជើងខ្លួនឯង ខ្លួនឯងចង់ធ្វើនាយករដ្ឋមន្រ្តី មកបិទផ្លូវខ្លួនឯង។ មិនមែនអត់ពី ហ៊ុន សែន ទៅ ដល់លោកឯងឯណា ព្រោះទោសនោះគ្មានអ្នកណាលើកទោសលែងឲ្យទេ បើហ៊ុន សែន មិនស្នើសុំ ។ តើព្រះមហាក្សត្រ ឡាយព្រះហត្ថលេខាលើកលែងទោសក៏អត់បាន»។

សូមបញ្ជាក់ថា សមាជិក-សមាជិការ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សរុប ចំនួន៨៣៧ រូប។

គួររំលឹក សម្តេចតេជោបានប្រកាស កាលពីពេលថ្មីៗនេះ គាំទ្រលោក ហ៊ុន ម៉ាណែតជា បេក្ខជននាយករដ្ឋមន្ត្រីបន្ត ដោយឆ្លងកាត់ការបោះឆ្នោត។ សម្តេចក៏បានបើកឱកាសឲ្យថ្នាក់ដឹកនាំ គណបក្សប្រជាជនផ្សេងទៀត អាចដាក់បេក្ខជនជាកូនរបស់ខ្លួន ក្នុងការប្រជែងបេក្ខជន នាយករដ្ឋមន្ត្រីបាន ។ ជាមួយគ្នានេះដែរ សម្តេចក៏បានបង្ហើបថា មានបេក្ខជននាយករដ្ឋមន្រ្តី៤រូប ផ្សេងទៀតដែរ៕

To Top