នយោបាយ

សម្ដេចតេជោថា ដាក់ទណ្ឌកម្ម និងដកទ្រព្យសម្បត្តិមន្រ្តីជាន់ខ្ពស់ខ្មែរ ផេះស្អី បើពួកគេគ្មានទ្រព្យ នៅបរទេសផង

ភ្នំពេញ ៖ និយាយក្នុងន័យឌឺដងទៅកាន់មហាអំណាចអាមេរិកដែលមានបំណងដាក់ទណ្ឌកម្ម និងបង្កក់ទ្រព្យសម្បត្តិ លើមន្រ្តីជាន់ខ្ពស់ខ្មែរនៅបរទេសនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ដកផេះស្អី បើពួកគេគ្មានទ្រព្យនៅទីនោះផង។ ជាមួយគ្នានេះដែរ សម្តេចផ្ញើសារបែបអរគុណ ចំពោះចំណាត់ការអន្តរជាតិនេះ ដោយសម្ដេចចាត់ទុកថា គ្រាន់តែជាសញ្ញានយោបាយតែប៉ុណ្ណោះ ។

ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា «រឿងដាក់ទណ្ឌកម្មលើខ្មែរ ដកទ្រព្យសម្បត្តិ ជនជាតិខ្មែរ នៅប្រទេសរបស់ខ្លួន ចឹងដកផេះស្អី! បើពួកនេះមិនមានទ្រព្យសម្បត្តិ នៅក្នុងប្រទេសទាំងនោះផងនោះ។ ទោះបីប្រកាស៥០០ដងទៀត ហើយ៥០០ជាតិក៏ក្រុមនេះ អត់មានលុយនៅនឹងដែរ»។

សម្ដេចតេជោ គូសបញ្ជាក់ថា «ដាក់នឹងវាគ្រាន់តែជាសញ្ញានយោបាយតែប៉ុណ្ណឹងទេ» ។

ជាមួយនឹងការឌឺដងនេះ សម្ដេចតេជោ ក៏បានផ្ញើសារអរគុណចំណាត់ការអន្តរជាតិដែលមិនអនុញ្ញាតឲ្យបុគ្គលខ្មែរណា យកលុយទៅដាក់នៅក្រៅប្រទេស ព្រោះលុយនេះនឹងបង្វិលនៅក្នុងស្រុក។

សម្ដេចតេជោបន្តថា កាលមុននោះ នៅពេលអន្តរជាតិ មិនទាន់បានធ្វើការរារាំង ក្នុងការយកទុនទៅដាក់នៅក្រៅប្រទេស ខ្មែរមួយចំនួន បានយកលុយទៅដាក់នៅធានាគារក្រៅប្រទេស ។ចំណុចនេះ ស្មើនឹងជួយយកលុយទៅវិយោគនៅក្រៅប្រទេស ដល់ឥឡូវវិធានការជាអន្តរជាតិ ខ្មែរអត់មានឱកាសយកលុយទៅ ទុកនៅក្រៅប្រទេសទៀតនោះទេ។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏លើកទឹកចិត្តឲ្យក្រុមប្រទេសទាំងនោះ រឹបអូសទ្រព្យសម្បត្តិ ខ្មែរណាដែលមានលុយយកទៅដាក់ និងទិញផ្ទះនៅក្រៅប្រទេស ដោយមិនព្រមដាក់វិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។ សម្តេចថា ប៉ុន្តែប្រយ័ត្នរឹបអូសចុះឡើងៗ ប៉ះសញ្ជាតិខ្លួនឯង ។

ដោយឡែកពាក់ព័ន្ធនឹងច្បាប់ ដែលសហរដ្ឋអាមេរិក គ្រោងនឹងដាក់លើមន្រ្តីខ្មែរ សម្ដេចតេជោ បានមានប្រសាសន៍ថា «មិនខ្វល់នោះទេ អំពីច្បាប់លទ្ធិប្រជាធិបតេយ្យ នឹងរឹបអូសទ្រព្យសម្បត្តិអីនោះ! ខ្ញុំបន់ឲ្យតែចេញមកឆាប់ៗ ទៀតនោះ។ រញ៉េញ៉ៃម៉្លេះ ប្រើច្បាប់មកគាប់សង្កត់ខ្មែរ ផេះអី!»។

សូមរំលឹកថា ក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់ទណ្ឌកម្មដោយឯកតោភាគីលើនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋាន សម្ភារបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដោយចោទថា ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងការអភិវឌ្ឍតំបន់កងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ហើយថា ជាការអនុវត្តច្បាប់ Global Magnitsky។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់ និងអ្នករកស៊ីខ្មែរចំនួន៥នាក់ហើយ រួមមាន ៖ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស លោក គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ចៅ ភិរុណ លោក ទៀ វិញ និងលោកឧកញ៉ា ទ្រី ភាព ៕

To Top