ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១បានប្រារព្វធ្វើនៅខេត្តព្រៃវែង ប្រទេសកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងលោក Wang Tianwenឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១។
គម្រោងនេះបានចុះហត្ថលេខាក្រោមសាក្ខីភាពនៃមេដឹកនាំនៃប្រទេសចិននិងកម្ពុជា ក្នុងឆ្នាំ២០១៦ ហើយបានសាងសង់ដោយក្រុមហ៊ុនCRBC រយៈពេលសាងសង់គឺពីឆ្នាំ២០១៨ដល់ឆ្នាំ២០២១ មានប្រវែងសរុប៩៦.៤៨គីឡូម៉ែត្រ។
សម្ដេចតេជោ ហ៊ុន សែនបានវាយតម្លៃខ្ពស់ចំពោះការសាងសង់គម្រោងនេះហើយបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ថា ផ្លូវជាតិលេខ១១គឺជាសមិទ្ធផលផ្លែផ្កាមួយទៀតនៃចំណងមិត្តភាពកម្ពុជា-ចិន គម្រោងនេះមិនត្រឹមតែតភ្ជាប់ខេត្តព្រៃវែង និងខេត្ត ត្បូងឃ្មុំ ជំរុញការដឹកជញ្ជូនក្នុងខេត្តនិងឆ្លងខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
លោកWang Tianwen បានថ្លែងថា កម្ពុជាមានសុភាសិតមួយឃ្លាពោលថា “ទីណាមានផ្លូវទីនោះមានក្តីសង្ឃឹម”។ជនជាតិចិនក៏មានពាក្យមួយឃ្លាថា”ប្រសិនបើចង់មានបាន ត្រូវតែសាងសង់ផ្លូវជាមុនសិន”។ ក្នុងនាមជាមិត្តដែកថែបនិងជាដៃគូអភិវឌ្ឍន៍របស់កម្ពុជា ចិនបានជួយកម្ពុជាសាងសង់ផ្លូវប្រវែងជាង៣ពាន់គីឡូម៉ែត្រ និងស្ពានមិត្តភាពចំនួន៨ខ្សែ។ នៅពេលអនាគត ប្រទេសចិននឹងបន្តជួយកម្ពុជាសម្រេចការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដើម្បីបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
ទោះបីជាប្រទេសចិននិងកម្ពុជាមិនតភ្ជាប់ព្រំដែនជាមួយគ្នាក្តី ប៉ុន្តែមិត្តភាពរវាងប្រទេសទាំងពីរមានប្រវត្តិយូរអង្វែង។នៅក្នុងបរិបទដែលជំងឺកូវីដ១៩នៅតែបន្តរាលដាលលើសកលលោក សហគ្រាសចិនបានពន្លឿនការសាងសង់គម្រោងនៅក្នុងប្រទេសកម្ពុជា។គម្រោងទាំងនេះមិនត្រឹមតែបង្កើនសុភមង្គលរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរខាងសេដ្ឋកិច្ច សង្គម និងវប្បធម៌រវាងចិននិងកម្ពុជា ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា៕