ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា ៖ អូមីក្រុង មិនទាន់សម្លាប់អ្នកណាម្នាក់ ខណៈ WHO និងប្រទេសមួយចំនួន ហាក់បីភ័យស្លន់ស្លោរជ្រុលហួស

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្កេតឃើញថា វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង មិនទាន់សម្លាប់អ្នកណាម្នាក់មួយឡើយ នៅលើពិភពលោក ហើយអង្គការសុខភាពពិភពលោក (WHO) និងប្រទេសមួយចំនួនទៀត ហាក់បីភ័យស្លន់ស្លោរជ្រុលហួស។

សម្ដេចតេជោ ក៏បានបញ្ជាក់សារជាថ្មីថា រហូតមកដល់ពេលនេះ នៅកម្ពុជា មិនទាន់មានវីរុសប្រភេទ អូមីក្រុង នៅឡើយទេ។

ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោបានអំពាវនាវដល់ប្រជាពលរដ្ឋ បន្ដអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ ឲ្យជាប់ជានិច្ច ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងអស់គ្នា។ សម្ដេច ថា «កូវីដ មិនអាចសម្លាប់យើងបានឡើយ បើយើងប្រុងប្រយ័ត្ន»។

សម្ដេចតេជោមានប្រសាសន៍ថា «សូម្បីតែ អូមីក្រុង មកដល់ម៉ោងនេះ មិនទាន់សម្លាប់អ្នកណាម្នាក់ទេ។ ប៉ុន្ដែការភ័យស្លន់ស្លោររបស់ អង្គការសុខភាពពិភពលោក ការភ័យស្លន់ស្លោររបស់ប្រទេសមួយចំនួន ហាក់បីដូចជា ជ្រុលហួស។ សម្រាប់ប្រទេសរបស់យើង ព្រួយដែលតា ដល់ពិតប្រាកដ ដែលតា ឥឡូវ ១៩៥៦៧ ហើយអាហ្វាត មានតែ ៦៨៥០ ហើយអូមីក្រុង មិនទាន់មានទេ»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោបន្ដថា ប៉ុន្ដែមើលចំនួនអ្នកស្លាប់ដោយសារ អាហ្វា និងដែលតា មានចំនួនដូចគ្នា គ្រាន់តែ ដែលតា មានសមត្ថភាពចម្លងលឿនជាងតែប៉ុណ្ណឹង។ សម្ដេច ណែនាំដល់ប្រជាពលរដ្ឋ ត្រូវចាក់វ៉ាក់សាំង ដូសទី២ និងដូសទី៣ តាមការកំណត់របស់ក្រុមគ្រូពេទ្យ។

សម្ដេចតេជោបញ្ជាក់ថា «ជាមួយនឹងការខិតខំ ដើម្បីកសាងមូលដ្ឋានផលិតវ៉ាក់សាំង ក្នុងប្រទេសរបស់យើង។ ចឹងកូវីដ អាចសម្លាប់មនុស្សរាប់រយរាប់ពាន់ រាប់ម៉ឺន ប៉ុន្ដែវាមិនស្លាប់មនុស្សអស់លើលោក រហូតដល់ពេលនេះ ការស្លាប់មនុស្សលើពិភពលោក ជាង៥លាននាក់ មិនដល់៦លាននាក់»។

សម្ដេចតេជោបន្ថែមថា សម្រាប់កម្ពុជាវិញ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២៩៧១ពាន់នាក់ ខណៈសម្ដេចមានសោកស្ដាយយ៉ាងខ្លាំង ។ សម្ដេចថា ត្រូវស្វែងរកឲ្យតុល្យភាព ម្ខាងសុខភាពសាធារណៈ និងម្ខាងទៀត អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចសង្គមដែលកម្ពុជាប្រឹងចាក់វ៉ាក់សាំង ដើម្បីការស្ដារឡើងវិញនូវសេដ្ឋកិច្ច ដែលកម្ពុជាត្រូវបាតបង់។

សម្ដេចតេជោ ផ្ដាំផ្ញើថា ត្រូវទប់ឲ្យជាប់នូវម៉ាក្រូសេដ្ឋកិច្ច ទោះបីកំណើនសេដ្ឋកិច្ចកម្ពុជា មានភាពយឺតក៏ដោយ បើធៀបបណ្ដាឆ្នាំមុនៗ ប៉ុន្ដែត្រូវខិតខំឲ្យសេដ្ឋកិច្ចដំណើរការឡើងវិញ៕

To Top