ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រីអង្គភាពពាក់ព័ន្ធ ចុះដោះស្រាយបញ្ហាសំណង់​ ​រំលោភចំណីផ្លូវ និងប៉ះពាល់ប្រឡាយទឹក ក្នុងស្រុកស្ទឹងត្រង់

កំពង់ចាម ៖ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី ៣១ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ បន្ទាប់ពីមានការលើកឡើង​​ របស់សមាជិកក្រុមប្រឹក្សាខេត្ត ទាក់ទងទៅនឹងបញ្ហាសំណង់សាងសង់ប៉ះពាល់ លើដីចំណីផ្លូវ និងប៉ះពាល់ប្រឡាយទឹក ស្ថិតនៅក្នុងឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានចាត់បញ្ជាឲ្យមន្ត្រីអង្គភាព ពាក់ព័ន្ធចុះដោះស្រាយបន្ទាន់ នៅនឹងកន្លែងតែម្ដង ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា បញ្ហាការលោភលើដីចំណីផ្លូវ និងសំណង់ប៉ះពាល់ដីប្រឡាយទឹក ស្ថិតនៅក្នុងឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ លោក ហេង វណ្ណី អភិបាលរង ខេត្តកំពង់ចាម ត្រូវដឹកនាំ មន្ត្រីមន្ទីរពាក់ព័ន្ធចំនួន៤ ក្នុងនោះ មាន ៖ មន្ទីររ៉ែនិងថាមពល , មន្ទីរធនធានទឹក និងតុនិយម , មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , និងមន្ទីរសាធារណការនិងដឹកជញ្ជូន រួមទាំងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងធ្វើការដោះស្រាយតែម្ដង ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ទន្ទឹមនឹងការដឹកនាំមន្រ្តីជំនាញ រួមជាមួយអាជ្ញាធរ ស្រុកចុះដោះស្រាយ បញ្ហាខាងលើត្រូវហៅប្រជាពលរដ្ឋ ដែលបានសំណូមពរ ឲ្យពួកគាត់ចូលរួមផងដែរ ដើម្បីឆ្លើយតប និងធ្វើការដោះស្រាយបញ្ហា ខាងលើ ភ្លាមៗ នៅកន្លែងនោះតែម្ដង ៕

To Top