ព័ត៌មានជាតិ

សម្តេចតេជោ ៖ សូមឧកញ៉ានានា កុំធ្វើសកម្មភាព ផ្តេសផ្តាស់

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យឧកញ៉ានានា នៅកម្ពុជា កុំធ្វើសកម្មភាពអ្វីផ្តេសផ្តាស់ ដែលមិនសមទទួលគោរមងារ ឧកញ៉ា ពីព្រះមហាក្សត្រ ។

សម្តេចតេជោ បានមានប្រសាសន៍ ក្នុងឱកាសពិនិត្យ ព្រលានយន្តហោះអន្តរជាតិ តេជោក្រុងតាខ្មៅ នៅព្រឹកថ្ងៃ៩ ធ្នូ ថា “កុំភ្លេចណាឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា មានការព្រះរាជទាន ពីព្រះមហាក្សត្រ ចឹងក៏សូមឲ្យឧកញ៉ានានា អ្នកឧកញ៉ានានា លោកឧកញ៉ានានា ធ្វើសកម្មភាពផ្តេសផ្តាស់…ចឹងខ្ញុំបញ្ជាក់”។

ជាមួយគ្នានេះដែរ សម្តេចថា ឥឡូវឧកញ៉ា តម្រូវឲ្យមានឯកសណ្ឋានផ្លូវការហើយ ដើម្បីងាយស្រួលចំណាំ ពេលមកចូលរួមក្នុងកម្មវិធីធំៗ ។

ឧកញ៉ា ជាងារកិត្តិយសព្រះមហាក្សត្រ ទ្រង់សព្វព្រះទ័យ ប្រទានដល់អ្នកមានអាជីវកម្មសុច្ចរិត មានទ្រព្យសម្បត្តិស្ដុកស្ដម្ភច្រើន លើសអស់បណ្ដាជនដទៃ ហើយបានរួមបរិចាគទ្រព្យធន វិភាគទានចូលរួមចំណែកច្រើន ជួយកសាងជាតិ ជួយប្រជារាស្ត្រ ជួយផ្នែកមនុស្សធម៌សង្គម ក្នុងព្រះនគរ ហើយទទួលបានការគោរព ស្រលាញ់ពីបណ្ដាជន ប្រជារាស្ត្រទូទៅ ទើបទទួលបានងារកិត្តិយស ជាឧកញ៉ា ។

សូមបញ្ជាក់ថា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានសម្រេចធ្វើការផ្លាស់ប្តូរ ឬតម្លើងថ្លៃ ចំពោះគោរមងារ «ឧកញ៉ា» ខណៈពីមុនគោរមងារ «ឧកញ៉ា» តម្រូវត្រឹមតែ១០ម៉ឺនដុល្លារប៉ុណ្ណោះ ។ យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ សប្បុរសជនណាមានបំណង ចូលរួមកសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិដោយមានតម្លៃចាប់ពី៥០ម៉ឺនដុល្លារឡើងទៅ ត្រូវបានទទួលគោរមងារជា «ឧកញ៉ា» ។

បើតាមអ្នកវិភាគ គឺកម្ពុជាមានបុគ្គលទទួលងារគោរមងារ ជាឧកញ៉ា កើនឡើងរៀងរាល់ឆ្នាំ តែតម្លៃជាឧកញ៉ា ក៏ធ្លាក់ចុះគួរឲ្យកត់សម្គាល់ដែរ។ ទង្វើមិនគប្បីរបស់ឧកញ៉ាមួយចំនួន ឬការចោទប្រកាន់ទៅលើឧកញ៉ាមួយចំនួនថា ប្រព្រឹត្តខុសឆ្គង បានធ្វើឲ្យតម្លៃរបស់ឧកញ៉ានៅកម្ពុជាធ្លាក់ចុះ ៕

To Top