ព័ត៌មានជាតិ

ទិវាសិទ្ធិមនុស្សអន្តរជាតិ សម្តេចតេជោថា សិទ្ធិសេរីភាពកម្ពុជា ត្រូវបានយកមកវិញ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដួលរលំទាំងស្រុង (Video)

ភ្នំពេញ៖ ក្នុងឱកាស ទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៣ ១០ធ្នូ ១៩៤៨-១០ ធ្នូ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានរំលឹកថា សិទ្ធិសេរីភាពរបស់ ពលរដ្ឋកម្ពុជាទាំងអស់ ទទួលបានមកវិញ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ពោលនៅពេលដែល របបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបានវាយផ្តួលរំលំទាំងស្រុង ។

សម្តេចតេជោ បានមានប្រសាសន៍ ក្នុងបណ្តាញសង្គមហ្វេសប៊ុកថា អបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ» ។ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០២១។ បើនិយាយពីរឿងសិទ្ធិមនុស្ស នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋ មិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៍ពិពាហ៍ និងសិទ្ធិប្រកបការងារជាដើម..។ល។ ។

សម្តេចតេជោបានឲ្យដឹងបន្តថា របបប្រល័យពូជសាសន៍ប៉ុលពត បានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឲ្យពលរដ្ឋទាំងក្មេងចាស់ ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យនិងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាលឲ្យប្រជាពលរដ្ឋ ជាង៣លាននាក់ បានស្លាប់ក្នុងរយៈពេលតែ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ ។

ក្នុងនោះដែរ សម្តេចតេជោ បានសង្កត់ធ្ងន់ថា “សិទ្ធិសេរីភាពរបស់កម្ពុជា ដែលមានដូចពេលបច្ចុប្បន្ននេះ គឺត្រូវបានរំដោះយកមកវិញ នៅក្រោយពេលដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំទាំងស្រុង នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំ ដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាព ក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើន ជឿនលឿនទៅមុខ។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសំណាងល្អ និងរីករាយថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ»” ៕

To Top