នយោបាយ

លោក សុខ ឥសាន៖ អាមេរិក មិនលក់អាវុធឲ្យកម្ពុជា មិនមែនជាការដាក់ទណ្ឌកម្ម ព្រោះខ្មែរគ្មានត្រូវការធ្វើសង្រ្គាម (Video)

ភ្នំពេញ៖ ជាថ្មីម្តងទៀត សហរដ្ឋអាមេរិកប្រកាស ដាក់ទណ្ឌកម្មលើកម្ពុជាបន្ថែមទៀត តាមរយៈការមិនលក់អាវុធឲ្យ ប៉ុន្តែអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងសារតបទៅវិញថា ការមិនលក់អាវុធឲ្យកម្ពុជា មិនចាត់ទុកជាការដាក់ទណ្ឌកម្មទេ ព្រោះកម្ពុជាអត់ត្រូវការអាវុធ ធ្វើសង្រ្គាមជាមួយអ្នកណា ។

តាមរយៈបណ្តាញតេឡេក្រាមនាថ្ងៃ១០ ធ្នូនេះ លោក សុខ ឥសាន បានថ្លែងថា “ការដែលបរទេស (អាមេរិក) ខ្លះថា មិនលក់អាវុធយុទ្ធភ័ណ្ឌឲ្យកម្ពុជា មិនចាត់ទុកថា ជាការដាក់ទណ្ឌកម្មលើកម្ពុជាទេ ពីព្រោះកម្ពុជាអត់ត្រូវការ អាវុធសម្រាប់ធ្វើសង្គ្រាមទេ” ។

លោកថា បើកម្ពុជាមានលុយ គឺមិនយកទៅទិញអាវុធទេ ទុកលុយសម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសដើម្បី លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនជាការល្អប្រសើរជាង ។

កាលពីថ្ងៃ៨ ខែធ្នូ ឆ្នាំ២០២១ អាមេរិក បានប្រកាសសម្រេចបន្ថែម ទណ្ឌកម្ម រឹតត្បិត អាវុធ និងសម្ភារៈ យោធាមកឲ្យកម្ពុជា ដោយលើកពីហេតុផលរំលោភសិទ្ធិមនុស្ស អំពើពុករលួយ និងកំណើននៃឥទ្ធិពល របស់យោធាចិននៅកម្ពុជា។

ចំពោះករណីនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា គំនិតអាក្រក់ប៉ុនប៉ង របស់អាមេរិកលើទំនាក់ទំនងចិន-កម្ពុជា នឹងទទួលបរាជ័យ។ លោកថា អាមេរិកបន្តបង្ខូចឈ្មោះ និងលាបពណ៌លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា គឺជាការគំរាមកំហែង ដាក់សម្ពាធ និងការដាក់ទណ្ឌកម្មមកលើកម្ពុជា ។ លោកបានហៅទង្វើនេះគឺជា ការប្រើអំណាចគៀបសង្កត់ លើអ្នកដទៃយ៉ាងពិតប្រាកដ និងច្បាស់លាស់ ។ នេះបានល្មើសនឹងក្រមប្រតិបត្តិមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិផងដែរ។

មុនសម្រេចបន្ថែមទណ្ឌកម្ម រឹតត្បិត អាវុធ និងសម្ភារៈយោធាមកឲ្យកម្ពុជា របស់អាមេរិកនេះ ក្រសួងរតនា គារ និងក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់ទណ្ឌកម្មដោយឯកតោភាគី លើនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋាន សម្ភារបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដោយចោទថា ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងការអភិវឌ្ឍតំបន់កងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ហើយថា ជាការអនុវត្តច្បាប់ Global Magnitsky ៕

To Top