ព័ត៌មានជាតិ

១១ខែ ក្រសួងសាធារណការ រកឃើញយានយន្ដដឹកលើសទម្ងន់កម្រិតកំណត់ ជាង៧សែនគ្រឿង

ភ្នំពេញ ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រួតពិនិត្យយានយន្ដ ចំនួន ២ ៣៣៤ ៣៧១ គ្រឿង ក្នុងនោះ យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ចំនួន ៧៣៩ ៥៣៨ គ្រឿង។

យោងតាមរបាយការណ៍ នៃការអនុវត្តការងារ រយៈពេល ១១ខែ ឆ្នាំ២០២១ បង្ហាញក្នុងប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នាថ្ងៃទី៩ ធ្នូ បានឲ្យដឹងថា «យានយន្តត្រួតពិនិត្យសរុបចំនួន ២ ៣៣៤ ៣៧១ គ្រឿង, យានយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៧៣៩ ៥៣៨ គ្រឿង ស្មើនឹង ៣១.៦៨% ក្នុងនោះ យានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះ ចំនួន ៧៣៦ ៧៣៥ គ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ដែលបានពិន័យមានចំនួន ២ ៨០៣គ្រឿង»។

ដោយឡែក ចាប់ពីថ្ងៃទី១៨ ខែតុលា រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារបន្តឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់លើសពី២០% ដែលឃាត់ទុកមួយឆ្នាំមានចំនួន ៤៨គ្រឿង បន្ទាប់ពីគោរពតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានអនុញ្ញាតដោះលែងយានយន្តចំនួន ២២៩គ្រឿង កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។

ជាងនេះទៅទៀត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នេះ នឹងបន្តផ្សព្វផ្សាយ ពន្យល់ណែនាំដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ការដ្ឋានអាជីវកម្មកិនថ្ម ដេប៉ូខ្សាច់ រណ្តៅដី និងសាធារណជនទាំងអស់ ឱ្យបានជ្រាបកាន់តែទូលំទូលាយ អំពីបទដ្ឋានច្បាប់នានាដែលពាក់ព័ន្ធការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជាពិសេសច្បាប់ស្តីពីផ្លូវថ្នល់ និងសេចក្ដីជូនដំណឹង ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស។

លើសពីនេះ ក្រុមការងារនឹងបន្តអនុវត្តច្បាប់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយមិនមានការលើកលែងឡើយ។ ក្រុមការងារនឹងបន្តដំឡើងកាមេរ៉ាសុវត្ថិភាព (CCTV Camera) និងជញ្ជីងស្វ័យប្រវត្តិ (AI and Weigh in Motion Sensor) នៅតាមស្ថានីយមួយចំនួន ដើម្បីតាមដាន និងត្រួតពិនិត្យលើការអនុវត្តការងាររបស់មន្រ្តីប្រចាំការនៅតាមស្ថានីយជញ្ជីង៕

To Top