ព័ត៌មានជាតិ

ក្រសួងសាធារណការ ក្រើនរំលឹកដល់ពលរដ្ឋ ឈប់ប្រើសេវាក្រៅផ្លូវការ នាំឲ្យខាតបង់ថវិកា

ភ្នំពេញ៖ លោក ឈួន វ៉ន់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឈប់ប្រើសេវាក្រៅផ្លូវការ នាំឲ្យខាតបង់ថវិកា ព្រោះក្រសួងរៀបចំ កន្លែងផ្ដល់សេវាសាធារណៈ ដើម្បីបង្កភាពងាយស្រួលដល់ ប្រជាពលរដ្ឋជាច្រើនកន្លែង។

ក្នុងឱកាសចុះពិនិត្យការ ផ្តល់សេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធានាប្រសិទ្ធភាព តម្លាភាព និងភាពឆាប់រហ័ស ជូនប្រជាពលរដ្ឋនៅតាមមណ្ឌល ផ្តល់សេវានានាក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៩ ធ្នូ លោក ឈួន វ៉ន់ បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមរបស់ លោកទេសរដ្ឋមន្ត្រី ក្នុងការរៀបចំមណ្ឌលផ្តល់ សេវាសាធារណៈនៅតាមផ្សារទំនើប និងទីកន្លែងសាធារណៈ និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ផ្តល់សេវាសាធារណៈ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សំដៅជំរុញការផ្ដល់សេវា ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគ្មានការចំណាយក្រៅផ្លូវការ។

លោក ក៏បានលើកឡើងពីសារសំខាន់ នៃការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្ម ផ្តល់សេវាសាធារណៈផ្សេងទៀត ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណៈ ឲ្យស្របទៅនឹងបច្ចុប្បន្នភាព នៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់៤.០ ឬហៅថា ឌីជីថលភាវូបនីយកម្ម (Digitalization) និងគម្រោងធ្វើឲ្យប្រសើរឡើង ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះជំនាន់ថ្មី (ទីពីរ) ដែលគ្រោងនឹងដាក់ឲ្យ ដំណើរការនាពេលខាងមុខ ដោយប្រជាពលរដ្ឋមិនចាំបាច់ បំពេញទម្រង់បែបបទដោយខ្លួនឯងទេ ដោយគ្រាន់តែយកកាតគ្រី ទៅកាន់ធនាគារជាដៃគូ រួចវាយបញ្ចូលព័ត៌មាន ទិន្នន័យយានជំនិះ ហើយបង់ប្រាក់និងកាន់ វិកយបត្រមករោងឆៀក ប្រជាពលរដ្ឋអាចទទួលបាន សេវានោះតែម្តង។

លោកបញ្ជាក់ថា «កន្លងមកក្រសួងបានសាកល្បង ផ្ដល់ព័ត៌មានតាមរយៈការផ្ញើសារ SMS ទៅកាន់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់យានជំនិះ ដើម្បីប្រាប់ថា យានជំនិះរបស់គាត់ជិតផុត សុពលភាពហើយ សូមយកយានជំនិះមក ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឲ្យបានមុនពេលផុតកំណត់ និងបានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ឈប់ប្រើសេវាក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ ថវិកាបងប្អូន»។

លោក ឈួន វ៉ន់ បានអំពាវនាវដល់ ប្រជាពលរដ្ឋឲ្យចូលរួមជាមួយ ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ដោយយកយានជំនិះរបស់ខ្លួន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឲ្យបានទៀងទាត់ ដើម្បីធានាសុវត្ថិភាព របស់ប្រជាពលរដ្ឋ និងប្ដូរបណ្ណបើកបរកុំឲ្យផុតសុពលភាព ៕

To Top