នយោបាយ

លោក សយ សុភាព ឲ្យលោកប៉ា ងួនទៀង ចូលស្រុកវិញ មកពង្រឹងបក្សសិទ្ធិមនុស្សវិញ

ភ្នំពេញ ៖ លោក សយ សុភាពដែលគេគ្រប់គ្នាដឹងថា ជាអ្នកកាសែតចាស់វស្សាមួយរូបនៅកម្ពុជា និងមនុស្សចូលចិត្ត​ តាមស្ថានការណ៍ នយោបាយទាំងក្នុង និងក្រៅប្រទេសបានហៅ លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ឲ្យមកពង្រឹងគណបក្ស សិទ្ធិមនុស្ស ដែលកំពុងមានវត្តមានស្រាប់ ជាមួយក្រុមគ្រួសារ ព្រោះលោក ប៉ា ងួនទៀង ជាប្អូនថ្លៃលោក កឹម សុខា ដើម្បីប្រកួតគ្នាជាមួយគណបក្សកាន់អំណាច ឬបក្សផ្សេងទៀត នាពេលបោះឆ្នោតខាងមុខ ។

ការលើកឡើងរបស់លោក សយ សុភាពនេះ ក្រោយពីលោកប៉ា ងួនទៀង មិនគាំទ្រ សំដី របស់អ្នកវិភាគមួយរូប គាំទ្រឲ្យកញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីច្បង លោក កឹម សុខា ឡើងស្នងជំនួសលោក កឹម សុខា ស្របពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី បន្តនាពេលអនាគត ។

ក្នុងកម្មវិធីសំភាសន៍ របស់សារព័ត៌មានដឹខេមបូឌាដេលី នាថ្ងៃ១០ ធ្នូនេះ លោក ប៉ា ងួនទៀង បានថ្លែងថា “ខ្ញុំមិនគាំទ្រសម្ដីរបស់លោក សារ៉ូ សុវិឆ័យ ដែលចង់ឃើញកញ្ញា កឹម មនោវិទ្យា ឲ្យឡើងស្នងលោក កឹម សុខា នោះទេ ។ លោក កឹម សុខា គ្មានគំនិតលើកកូនឲ្យឡើង ស្នងតំណែងនោះទេ” ។

ក្រោយឃើញបែបនេះ លោក សយ សុភាព បានបញ្ចេញសារក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា បើមិនទុកឲ្យកូន តើទុកឲ្យអ្នកណា ឬទុកឲ្យលោកប៉ា ងួនទៀងដែលត្រូវជាពូថ្លៃ របស់កញ្ញា កឹម មនោវិទ្យា។ ដូច្នេះលោកថា លោក ប៉ា ងួនទៀង កុំទៅឆ្ងាយទៀត វិលមកវិញមក ព្រោះព្រលឹងភ្នែក ៥រត់ចេញហើយ ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា “បង(ប៉ា ងួនទៀង) មកជួយក្រុមគ្រួសាររបស់បង ដើម្បីបក្សសិទ្ធិមនុស្សវិញ ។ កុំដេកកំដរខ្មោចតៃហោងទៀត (អតីតបក្សសង្រ្គោះជាតិ)។ វាមិនរស់ឡើងវិញ ហើយក៏វាមិនចាប់ជាតិដែរ ព្រោះ ងាប់ដោយមិនបានឲ្យធម៌” ។

លោក សយ សុភាពឲ្យដឹងទៀតថា “លោក ប៉ា ងួនទៀង គួរមករួមគ្នាជាមួយបក្សសិទ្ធិមនុស្ស និងត្រៀមប្រកួតតាមលិទ្ធប្រជាធិបតេយ្យបែបខ្មែរ ជាមួយដៃគូប្រកួត លោក ហ៊ុន ម៉ាណែតវិញ” ។

សព្វថ្ងៃលោក ប៉ា ងួនទៀង កំពុងរស់នៅសហរដ្ឋអាមេរិក។ លោកប៉ា ងួនទៀង គឺជាប្អូនថ្លៃលោក កឹម សុខា លោកទាំង២ធ្លាប់បានធ្វើការជាមួយគ្នា កាលពីបង្កើតអង្គការក្រោមការផ្គត់ផ្គង ពីអង្គការអន្តរជាតិ IRI ។ លោក ប៉ា ងួនទៀង ត្រូវបានតុលាការចោទប្រកាន់ថា មានការជាប់ពាក់ព័ន្ធសំណុំរឿង របស់លោក កឹម សុខា ៕

To Top