ព័ត៌មានជាតិ

អាមេរិក រំពឹងដល់ការធ្វើការ យ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២

ភ្នំពេញ៖ លោក Derek Chollet ទីប្រឹក្សាក្រសួង ការបរទេសសហរដ្ឋអាមេរិក បានអះអាងជាថ្មីថា អាស៊ានគឺជាចំណុចស្នូលសម្រាប់ គោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងរំពឹងដល់ការធ្វើការយ៉ាង ជិតស្និទ្ធជាមួយកម្ពុជាក្នុងនាម ជាប្រធានអាស៊ាន ឆ្នាំ២០២២។ 

ការលេីកឡេីងរបស់លោកទីប្រឹក្សា ក្រសួងការបរទេសអាមេរិក ធ្វេីឡេីងក្នុងឱកាសជួប សវនាការជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការត្រៀមលក្ខណៈ ជាស្រេចរបស់កម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន និងបានគូសបញ្ជាក់អំពី អាទិភាពនានារបស់កម្ពុជា នៅក្នុងសរសរស្តម្ភសហគមន៍ ទាំងបីរបស់អាស៊ាន។

លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ស្មារតី របស់អាស៊ានជាគ្រួសាររួបរួមគ្នា ជាមួយឆន្ទៈខ្ពស់នៃភាព «ទាំងអស់រួម គ្នា» ក្នុងការថែរក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

ផ្ទាំងពាណិជ្ជកម្ម

លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ដល់ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតួនាទី របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងឯកសារសមិទ្ធផលនានា ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់ អាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ផងដែរចំពោះការបន្តការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការថែរក្សាឱ្យបានមជ្ឈភាពអាស៊ាន ក៏ដូចជាសន្តិភាព និងវិបុលភាពក្នុងតំបន់។

លោក Derek Chollet បានអះអាងជាថ្មីថា “អាស៊ានគឺជាចំណុចស្នូលសម្រាប់គោល នយោបាយការបរទេស របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងរំពឹងដល់ការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយកម្ពុជាក្នុងនាម ជាប្រធានអាស៊ានឆ្នាំ២០២២” ។ 

លោកទីប្រឹក្សា បានជម្រាបថា ប្រធានាធិបតី ចូ បៃដិន ក៏កំពុងរំពឹងដល់ការធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ាន- សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នាពេលឆាប់ៗខាងមុខនេះផងដែរ ដែលក្នុងអំឡុងពេលនោះ ភាគីទាំងពីរ នឹងពិភាក្សាគ្នាអំពីបញ្ហា និងរបៀបវារៈជាច្រើន រួមមាន ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- អាមេរិក ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតជាដើម ៕

To Top
×