ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានសហការរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដេីម្បីអនាគតយេីង ទាំងអស់គ្នាបន្តធ្វេីសកម្មភាព ដោយមិនឈប់ឈរ ឡេីយ» ក្នុងបរិវេណ ទីស្នាក់ការអនុសាខា ស្រុកកំពង់សៀម ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងមានការចូលរួម ពីយុវជនកាកបាទក្រហមកម្ពុជា មកពី ៤ គ្រឹះស្ថានសិក្សា សរុបចំនួន ១៦៨ នាក់ ។

ស្ថិតក្នុងឱកាសនោះដែរ បន្ទាប់ពីបានអានទាំងស្រុង នូវសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្ត បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ក្មួយៗ ជាយុវជន និង បងប្អូនអ្នកស្ម័គ្រចិត្តទាំងអស់ ដែលក្នុងគ្រប់កាលៈទេសៈ បានខិតខំប្រឹងប្រែង តស៊ូយ៉ាងស្វិតស្វាញ ពុះពារឧបសគ្គ និងជំនះបញ្ហាប្រឈមនានា ក្នុងបេសកកម្មផ្តល់សេវាកម្មមនុស្សធម៌ ពិសេស ក្នុងបរិការណ៍ នៃការប្រយុទ្ធនឹងជំងឺកូវីដ១៩ បានពាំនាំនូវសារគន្លឹះ ទប់ស្កាត់ហានិភ័យនែការឆ្លងជំងឺដ៏កាចសាហាវនេះ យកទៅអប់រំផ្សព្វផ្សាយ តាមគ្រប់រូបភាព និងមធ្យោបាយ មិនខ្លាចនឿយហត់ ជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់ តាមខ្នងផ្ទះ និង ទីកន្លែងនានា ក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។

ផ្ទាំងពាណិជ្ជកម្ម

លោកប្រធានគណៈកម្មាធិការសាខា បានពាំនាំរំឭក សេចក្តីអំពាវនាវរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចំពោះ យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវរឹតបន្តឹងកម្លាំងសាមគ្គីភាព ដោយបន្តធ្វើសកម្មភាពមិនឈប់ឈរឡើយ ក្នុងប្រតិបត្តិការមនុស្សធម៌ ជួយអ្នកងាយរងគ្រោះបំផុត និងអ្នករងគ្រោះ អោយបានឆាប់រហ័ស ទាន់ពេលវេលា តាមទិសស្លោក ” កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា- មិនទុកនរណាម្នាក់ចោល ” និងបន្តខិតខំសម្រេចអោយបាន បាវចនា ” សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល ” ។

ជាមួយគ្នានេះ សូមបង-ប្អូនរួមជាតិ បន្ដពង្រឹងការការពារសុខភាពឱ្យបានខ្ជាប់ខ្ជួន បន្សាំខ្លួនក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» ដេីម្បីសុខុមាលភាពរបស់បុគ្គលម្នាក់ៗ របស់ក្រុមគ្រួសារជាទីស្រឡាញ់ របស់សហគមន៍ និងសង្គមជាតិយើង៕

To Top