ព័ត៌មានជាតិ

កម្ពុជា ជាប់ជាប្រទេសនាំមុខគេ ផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវ ទៅបំពេញបេសកកម្ម លក្ខណៈអន្តរជាតិ (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា ជាប់ជាប្រទេសនាំមុខគេ ផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវ ទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ (UN)។

តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរខួប ៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិក អង្គការសហប្រជាជាតិ (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២១) ។ សម្ដេចថា អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែល ធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។

សម្ដេចបន្ដថា គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិ ក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយ ជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។

សម្ដេចបន្ថែមថា កម្ពុជាបានចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបាន បញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រីទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៊ីរី សាយប្រឹស ម៉ាលី ជាដើម។

សម្ដេចបញ្ជាក់ថា «កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេ ដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវ ទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ» ៕

To Top