ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ប្រាប់ឲ្យកូនខ្មែរចេះស្រឡាញ់ និងថែរក្សាការពារ សម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃរបស់ជាតិ (Video)

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួប ២៩ឆ្នាំ នៃការចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ( ១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២១) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសអំពាវនាវឲ្យកូនខ្មែរគ្រប់រូប ត្រូវចេះស្រលាញ់ និង ចូលរួមថែរក្សា ការពារ នូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃនេះ សម្ដេចតេជោ បានមានប្រសាសន៍ថា រមនីយដ្ឋានអង្គរ ជាបណ្ដុំស្ថាបត្យកម្មដ៏មហិមា កសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា ។ ប្រាង្គប្រាសាទ រចនាបថ សិលាចារឹក និងចម្លាក់ដ៏ពិសិដ្ឋជាភស្តុតាង ដែលបានបញ្ជាក់អំពីជីវភាព របៀបរបបរស់នៅ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា វប្បធម៌ ការធ្វើជំនួញ និងចរន្តសេដ្ឋកិច្ចនាសម័យអង្គរ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចបន្តថា អង្គរ តំណាងឱ្យសិល្បៈខ្មែរទាំងមូលពីសតវត្សទី៩ ដល់សតវត្សទី១៤ ជាអត្តសញ្ញាណវប្បធម៌ជាតិ និងជាមោទកភាពជាតិ។ រមនីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌ វប្បធម៌រូបីនៃពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌ ពិភពលោកលើកទី១៦ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ។

សម្ដេចបញ្ជាក់ថា «សូមកូនខ្មែរគ្រប់រូប ត្រូវចេះស្រលាញ់ និង ចូលរួមថែរក្សា ការពារ នូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល» ៕

To Top
×