ព័ត៌មានជាតិ

មូលនិធិ GEផ្តល់ ទឹកប្រាក់ ២៥លានដុល្លារ លើកម្មវិធីវះកាត់ ដោយសុវត្តិភាពឆ្នាំ២០២០

ភ្នំពេញ ៖ គ្រូពេទ្យផ្នែកវះកាត់ គ្រូពេទ្យទូទៅ និងគិលានុបដ្ឋាយិកា កម្ពុជាជិត ៩០០ នាក់ បានពង្រឹងនូវជំនាញផ្នែកវះកាត់ ការប្រើប្រាស់ថ្នាំសណ្តំ នីតិវិធីនៃជំនាញវះកាត់ សម្រាលកូន និងជំនាញជាច្រើនទៀត ឲ្យកាន់ តែប្រសើរឡើង តាមរយៈការបណ្តុះបណ្តាល ពីកម្មវិធីវះកាត់ដោយសុវត្ថិភាព ឆ្នាំ២០២០ ដែលបានបញ្ចប់រួចរាល់ កាលពីខែឧសភាកន្លងទៅ ។

កម្មវិធីវះកាត់ដោយសុវត្ថិភាពឆ្នាំ២០២០ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ជាផ្នែកមួយ នៃការប្តេជ្ញារបស់មូលនិធិ GE ដែលបានផ្តល់ជាទឹកប្រាក់ចំនួន ២៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងគោលបំណងពន្លឿននូវ សេវាវះកាត់ និងការប្រើប្រាស់ថ្នាំសណ្តំ ប្រកបដោយសុវត្ថិភាព នៅទូទាំងពិភពលោក។ ស្របតាមគោលដៅ គម្រោងកម្មវិធី វះកាត់ដោយ សុវត្ថិភាព ឆ្នាំ២០២០ បានជួយលើកកម្ពស់ ជំនាញដល់បុគ្គលិក ផ្នែកវះកាត់ នៅទូទាំង ប្រទេសកម្ពុជា ព្រមទាំងគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធវះកាត់ និងអភិវឌ្ឍលើ ដំណោះស្រាយ តាមមាត្រដ្ឋាន ដែលបានកំណត់ ដើម្បីជម្នះលើបញ្ហាប្រឈមនានា ។

លោកវេជ្ជបណ្ឌិត ខាត់ ភូ ប្រធានផ្នែកប្រព័ន្ធសសៃ ប្រសាទនិង ប្រព័ន្ធរំលាយអាហារ នៅមន្ទីរពេទ្យខេត្តកំពង់ចាមបានថ្លែងថា ៖ “ឱកាសស្វែងយល់ ពីគោលការណ៍អនុវត្តន៍ល្អៗ ផ្នែកវះកាត់ថ្មីៗតាមរយៈកម្មវិធីវះកាត់ដោយសុវត្ថិភាព ឆ្នាំ២០២០ បានផ្តល់នូវអត្ថប្រយោជន៍ ធំបំផុតសម្រាប់គាត់ជាច្រើន ”។

លើសពីនោះ លោកវេជ្ជបណ្ឌិត ខាត់ ភូ បានថ្លែងថា៖ “តាងនាមឱ្យសិក្ខាកាមដទៃទៀត ដែលបានចូលរួមក្នុងវគ្គបណ្តុះ បណ្តាលនេះ ពួកយើងបាននាំមកនូវ ជំនាញនិងបច្ចេកទេសថ្មីៗ ដាក់ឱ្យអនុវត្តយ៉ាងឆាប់រហ័ស នៅតាមមន្ទីរពេទ្យនានា របស់ពួកយើងផ្ទាល់ ” ។
“យើង ក៏បានរៀនពីវិធីថ្មីៗដើម្បីធ្វើឱ្យប្រសើរឡើង នូវការធ្វើការជាក្រុម និងគោលការណ៍ណែនាំថ្មីៗសម្រាប់និតិវិធីមុន និង ក្រោយការវះកាត់ ដើម្បីកាត់ បន្ថយកម្រិត នៃការឆ្លងមេរោគ ។ នាពេលអនាគតខាងមុខ យើងជឿជាក់ថា ជំនាញទាំងនេះ និងជំនាញថ្មីៗ ដែល បានរៀនសូត្រ នឹងជួយកាត់បន្ថយ អត្រា មរណភាព របស់ប្រជាជនកម្ពុជាដែលមិនរាប់បញ្ចូលជាប្រភេទ ជម្ងឺឆ្លង ដូចជាជនរងគ្រោះដោយសាររបួសគ្រាំ ស្ត្រីមានផ្ទៃពោះ និងទារក។ ការ ទទួលបាននូវចំណេះដឹងថ្មីនេះ ក៏អាចជួយកម្ពុជាក្នុងការលុបបំបាត់ នូវបញ្ហាមិនប្រក្រតី ពីកំណើតផងដែរ ដូចជាបបូរមាត់ឆែបពីកំណើត ”។

លោក David Barash ជានាយកប្រតិបត្តិមូលនិធិ GE បានមានប្រសាសន៍ថា ៖ ”លទ្ធផលទាំងនេះបានពង្រឹងនូវគុណតម្លៃ និងសារៈសំខាន់កម្មវិធីវះកាត់ ដោយសុវត្ថិភាពឆ្នាំ២០២០ ។ ”
លោកវេជ្ជបណ្ឌិត បន្ថែម ថា ៖ “តាមរយៈការ ឆ្លើយតបជា វិជ្ជមាននៅកម្ពុជា បានបញ្ជាក់ជាថ្មីថា ការកសាងមូលដ្ឋាន ប្រកបដោយនិរន្តរភាព នៅក្នុងវិស័យសំខាន់ៗចំនួន បី គឺឥទ្ធិពល នៃការថែទាំលើការវះកាត់ នវានុវត្តន៍ និងមាត្រដ្ឋាន នៅតែមានការ ជាប់ទាក់ទងគ្នា និងមានប្រសិទ្ធភាពដដែល។ ហើយការកសាងភាពជាដៃគូដ៏រឹងមាំជាមួយរដ្ឋាភិបាល គឺជាជំហានដំបូងដ៏សំខាន់ ក្នុងការកំណត់ ពីតម្រូវការ ក្នុងស្រុក ការកៀគរធនធាន និងការអភិវឌ្ឍ ផែនការជាតិ ” ។ “ទស្សនវិស័យរបស់ប្រជាពលរដ្ឋ ផ្តល់នូវក្របខណ្ឌ ដើម្បីអភិវឌ្ឍន៍ បុគ្គលិក ផ្នែកការវះកាត់ តាមរយៈការ បណ្តុះ បណ្តាលគ្រូបង្វឹក និងកម្មវិធីភាពជាអ្នកដឹកនាំ ដើម្បីកែលម្អបន្ថែមទៅលើការ ប្រើប្រាស់ថ្នាំសណ្តំ ការវះកាត់ដោយសុវត្ថិភាព និងការបណ្តុះបណ្តាលផ្នែកសម្ភព។ វាក៏បានបង្ហាញពីរបៀបដែលយើងកំណត់នូវមាត្រដ្ឋាន នៃដំណោះស្រាយនវានុវត្តន៍ ដូចជាកម្មវិធីសាកល្បងនានា ការប្រឹក្សាតាមរយៈប្រព័ន្ធអនឡាញ និងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើង នូវផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។”

លោកវេជ្ជបណ្ឌិត Barash បានមានប្រសាសន៍ថា ៖ ”ដៃគូក្នុងស្រុក នាំមកនូវការផ្លាស់ប្តូរដ៏ធំធេង ហើយយើងសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែតនៅរាជធានីភ្នំពេញ ដែល បាន អនុវត្តកម្មវិធីជាច្រើន និងក៏សូមអរគុណ ចំពោះដៃគូសហការអនុវត្តន៍ចំនួន បួនរបស់មន្ទីរពេទ្យ មានដូចជា អង្គការ Jhpiego, អង្គការ Assist International អង្គការ Harvard PGSSC and ក្រុមហ៊ុន Dalberg ដែលបានរួមចំណែក ដ៏សកម្មដល់កម្មវិធីទាំងពីរ ដំណាក់កាល ក្នុងរយៈពេលពីរឆ្នាំមកនេះ ។”

លោកស្រី Cheri Reynolds នាយកផ្នែកសុខភាព ពិភពលោក នៃអង្គការ Assist International បានមានប្រសាសន៍ថា៖ “ពួកយើងបានរៀនសូត្រ ពីគ្នាទៅវិញទៅមក ហើយមានការចូលរួម ពីសំណាក់ក្រុមគ្រូពេទ្យឆ្នើមៗ ជួរមុខក្នុងស្រុក នៃកម្មវិធីនេះ វា គឺជាផ្នែកដ៏សំខាន់ មួយរបស់ពួកយើង ដែលបានរៀនសូត្រពីកម្ពុជា ។ ដោយសារកម្មវិធីនេះដំណើរការស្រប ពេលជាមួយ នឹងការចាប់ផ្តើមផ្ទុះឡើងនូវជម្ងឺកូវីដ-១៩ វាក៏បានបញ្ជាក់ជាថ្មីថា នៅពេលដែលអ្នកពង្រឹងប្រព័ន្ធគាំពារ សុខភាព អត្ថប្រយោជន៍គឺលើសពីការវះ កាត់ទៅទៀត។ តួយ៉ាងកម្ពុជាបាន បង្កើនចំនួនគ្រូពេទ្យផ្នែកសណ្តំ ដែលបានបណ្តុះបណ្តាល ដើម្បីផ្តល់ការប្រើប្រាស់ថ្នាំ សណ្តំប្រកបដោយសុវត្ថិភាព ដោយមានការដាក់ បន្ថែមបុគ្គលិកជំនាញៗ បានកាន់តែច្រើន បន្ថែមទៀត ក្នុងការផ្តល់ការថែទាំ ដល់អ្នកជម្ងឺ ដែលត្រូវការជំនួយ ជាបន្ទាន់ខាងផ្លូវ ដង្ហើមនិងប្រព័ន្ធអុកស៊ីសែន ក្នុងអំឡុងពេលផ្ទុះឡើង នៃជម្ងឺកូវីដ-១៩ ។”

កម្មវិធីបណ្តុះបណ្តាលផ្នែកវះកាត់ ដោយសុវត្ថិភាពឆ្នាំ២០២០ ចំនួន ៨ដង ត្រូវបានដំណើរ ការក្នុងឆ្នាំ ២០១៩ ដោយធ្វើការ ផ្តោតលើសូច នាករលទ្ធផល សំខាន់ៗ ដូចជាភាពជាអ្នកដឹកនាំ និងការណែនាំ ការបណ្តុះបណ្តាល សម្រាប់ គ្លីនិក ការប្រើប្រាស់ថ្នាំសណ្តំ ប្រកបដោយសុវត្ថិភាព ការសម្លាប់មេរោគលើ សម្ភារបរិក្ខារ វិស្វកម្មជីវវេជ្ជសាស្ត្រ ការណែនាំអំពីការ ថតឆ្លុះអេកូ និង វគ្គបណ្តុះបណ្តាលវះកាត់ តាមរយៈកម្មវិធីទូរស័ព្ទ (Touch Surgery App Training) ។ កម្មវិធីវះកាត់សុវត្ថិភាពឆ្នាំ ២០២០ ត្រូវបានអនុវត្តនៅក្នុងប្រទេសចំនួនបី ៖ អេត្យូពី តង់ហ្សានី និងកម្ពុជា ។ ស្វែងយល់បន្ថែមនៅ www.safesurgery2020.org ។

To Top