ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់មិត្តភក្តិបរទេសថា បើគ្មានសន្ដិភាព កុំសង្ឃឹមអាចនឹងអភិវឌ្ឍន៍បាន

ភ្នំពេញ៖ ថ្លែងនៅចំពោះមុខមិត្តភក្តិបរទេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើគ្មានសន្ដិភាព កុំសង្ឃឹមថា អាចនឹងអភិវឌ្ឍន៍បាន ព្រោះកម្ពុជា ជាបទពិសោធន៍ គ្រប់គ្រាន់ អំពីការបាត់បង់សន្ដិភាព និងសមិទ្ធផលដូនតាដែលកសាងពីមុន។

ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចត្រូវហ៊ាននិយាយការពិត បើគ្មានការរំដោះ ៧ មករា ១៩៧៩ តើអ្នកទាំងអស់គ្នា មានជីវិតដល់សព្វថ្ងៃទេ? ហើយអ្នកខ្លាចការពិតមិនចាំបាច់ស្ដាប់ សម្ដេចនិយាយទេ ។ សម្ដេចថា ពួកអ្នកទាំងនោះ មិនសមជាមនុស្សឡើយ។

សម្ដេចតេជោបន្ដថា កត្តាសន្ដិភាពដែលរកមក ដោយលំបាកគឺមិនត្រូវមើលរំលង ហើយមិនត្រូវឲ្យអ្នកណាមកបំផ្លាញ ទោះអ្នកណានិយាយអ្វី និយាយចុះ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំមិនខ្លាចនឹងនិយាយ នៅមុខមិត្តភក្តិបរទេសថា បើគ្មានសន្ដិភាពទេ សូមកុំសង្ឃឹមថា អាចនឹងអភិវឌ្ឍន៍បាន។ ប្រទេសយើងខ្ញុំ ជាបទពិសោធន៍ គ្រប់គ្រាន់ណាស់ទៅហើយ អំពីការបាត់បង់សន្ដិភាព សមិទ្ធផលដូនតាយើងបានកសាងពីមុន ជាពិសេស សមិទ្ធផល ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្ដម សីហនុ ដែលព្រះអង្គបានខិតខំកសាង រាប់ទាំងសមិទ្ធផលដែល សម័យបារាំងបានកសាង ក៏ត្រូវបំផ្លិចបំផ្លាញ ទីក្រុងភ្នំពេញ និងទីក្រុងទូទាំងប្រទេស អត់មានមនុស្សនៅ»។

សម្ដេចតេជោបន្ដថា អ្នកខ្លះនៅពេលសម្ដេច និយាយអំពី សន្ដិភាព ដោយមិនបាននិយាយ អំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស អ្នកទាំងនោះ បានលើកឡើងថា «សម្ដេច មិនបាននិយាយអំពីសិទ្ធមនុស្ស និងប្រជាធិបតេយ្យ» ក៏ប៉ុន្ដែដែលសម្ដេចចង់និយាយនោះ គឺសម្ដេច ផ្ដល់សារៈសំខាន់ធំធេង ទៅលើសិទ្ធិរស់រាន់មានជីវិតជាមុន ៕

To Top