ព័ត៌មានជាតិ

រុស្ស៊ី ផ្តល់គ្រឿងឥស្សរិយយស ថ្នាក់មិត្តភាព ជូនសម្តេចតេជោ

ភ្នំពេញ ៖ ក្នុងនាមប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី លោក NIKOLAI PATRUSHEV លេខាធិការ នៃក្រុមប្រឹក្សា សន្តិសុខរុស្ស៊ី បានយកគ្រឿង ឥស្សរិយយស ថ្នាក់មិត្តភាព ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ គ្រឿងឥស្សរិយយសនេះ សម្រាប់ការចូលរួមចំណែកដើរ តួយ៉ាងសំខាន់ ក្នុងការរក្សាពង្រឹង និងពង្រីកទំនាក់ទំនង រវាងកម្ពុជា-រុស្ស៊ី ។

ការប្រគល់នេះ ធ្វើឡើងក្នុងឱកាសសម្តេចតេជោ អនុញ្ញាតលោក NIKOLAI PATRUSHEV ចូលជួបសម្តែងការគួរសម នៅថ្ងៃ១៥ ធ្នូ ។

ក្រៅពីនោះ លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី អះអាងថា នឹងខិតខំសហការជាមួយកម្ពុជា ធ្វើយ៉ាងណាពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកធំធាត់បន្ថែមទៀត ។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែង អំណរគុណលោក NIKOLAI PATRUSHEV តាមរយៈការផ្ដាំផ្ញើរសួរសុខទុក្ខពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងបាននាំមកជាមួយនូវគ្រឿង ឥស្សរិយយសថ្នាក់មិត្តភាព ដែលជាគ្រឿង ឥស្សរិយយសថ្នាក់រដ្ឋ ជូនដល់សម្ដេចនៅពេលនេះ។

សម្ដេចតេជោបន្តថា ក្រៅពីកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ លោក NIKOLAI PATRUSHEV កគប្បីពិនិត្យមើលលទ្ធភាព ក្នុងការពង្រីក កិច្ចសហប្រតិបត្តិការទៅលើវិស័យដទៃទៀត ដូចជាការបើកឲ្យមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ទាំងក្នុងក្របខណ្ខទ្វេភាគី និងក្របខណ្ឌពហុភាគី ជាមួយនឹងការសិក្សាផ្ទេរ សម្ភារៈបំពាក់រោងជាង ជួសជុល គ្រឿងចក្រ និងសម្ភារៈ នៅកម្ពុជាផង៕

To Top