ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តម្កល់ទោសបុរសម្នាក់ ជាប់គុក១២ ឆ្នាំ ជាប់ពាក់ព័ន្ធអំពើឃាតកម្ម-សម្លាប់ប្រពន្ធ ដោយអារកនឹងកាំបិត ដោយភ្លើងស្នេហ៍ប្រច័ណ្ឌ

ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បាបប្រកាសសាលដីកា តម្កល់ទោសយុវជនជាប់ចោទម្នាក់ ដាក់គុក ១២ ឆ្នាំ ជាប់ពាក់ព័ន្ធអំពើឃាតកម្ម ដោយយកកាំបិតចិតបន្លែ អារកសម្លាប់ប្រពន្ធរបស់គាត់ បណ្តាលស្លាប់យ៉ាងអាណោចអាធ័ម បំផុត ដោយសារតែមានជម្លោះពាក្យសម្តី និង ប្រច័ណ្ឌ ប្រព្រឹត្តនៅលើផ្ទះរបស់ពួកគេ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអំឡុងខែកក្កដា ២០១៧។

លោក ភូ ពៅស៊ុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងអោយដឹង នៅក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ ព្រុំ វណ្ណ: ភេទ ប្រុស អាយុ ៣០ ឆ្នាំ មានមុខរបរ អ្នកដឹកកម្មកររោងចក្រ មានទីលំនៅ ស្រុកបាសែត ខេត្តកំពង់ស្ពឺ។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ មុន សុខគា ភេទ ស្រី អាយុ ២៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ នៅចំណុចកើតហេតុ ខាងលើ។

ជនជាប់ចោទ ឈ្មោះ ព្រុំ វណ្ណៈ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ និង បង្គាប់អោយសងសំណងជម្ងឺចិត្តចំនួន៣ ម៉ឺនដុល្លារអាមេរិក ដល់ម្តាយជនរងគ្រោះ ជាភាគីដើមបណ្ដឹង។ តែគាត់ បានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទ ឈ្មោះ ព្រុំ វណ្ណៈ ត្រូវបានជាប់ចោទពីបទ «ឃាតកម្ម» និងត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៧ បន្ទាប់ពី បានសម្លាប់ជនរងគ្រោះ ដែលត្រូវជាប្រពន្ធ របស់គាត់ នៅចំណុចកើតហេតុខាងលើ៕

រក្សាសិទ្ធិដោយ: រស្មី អាកាស

To Top