ព័ត៌មានជាតិ

លោក មុត ចន្ថា៖ លោក សម រង្ស៊ីថា គម្រោងរាជរដ្ឋាភិបាល ទៅមីយ៉ាន់ម៉ា មិនតំណាងឲ្យកម្ពុជា-អាស៊ាន បញ្ជាក់ពីភាពល្ងង់ខ្លៅ

ភ្នំពេញ៖ លោក មុត ចន្ថា បានចេញមកវាយប្រហារលោក សម រង្ស៊ី ជាថ្មីម្តងទៀតហើយ ក្រោយលោក សម រង្ស៊ី បានបោះពាក្យសំដីមិនសមរម្យ មកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានគម្រោងទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីដើរតួជាអ្នកសម្របសម្រួល បញ្ហានៅមីយ៉ាន់ម៉ា ដើម្បីឲ្យគ្រប់អាស៊ានជើង១០ ក្នុងកិច្ចប្រជុំកំពូលនៅឆ្នាំ២០២២ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោក សម រង្ស៊ីថា រាជរដ្ឋាភិបាលកម្ពុជាទៅមីយ៉ាន់ម៉ា «មិនតំណាងឲ្យកម្ពុជា និងតំណាងឲ្យអាស៊ាន» ឡើយ តែ លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានចេញមកការពាររាជរដ្ឋាភិបាលថា ការលើកឡើងនេះ “បញ្ជាក់ពីភាពល្ងង់ខ្លៅ និងការមិនយល់ដឹងពីនយោបាយការទូត”។

លោក មុត ចន្ថា លើកឡើងក្នុងបណ្តាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃ១៦ ធ្នូថា “បើកភ្នែកឡើងឃើញគេ (សម រង្ស៊ី) បង្ហោះសេចក្តីថ្លែងការណ៍មួយ ដែលលើកឡើងថា គម្រោងទស្សនកិច្ចរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសភូមា នៅខែមករា ឆ្នាំ២០២២ គឺ មិនតំណាងឲ្យកម្ពុជា និងតំណាងឲ្យអាស៊ាន ឡើយ។ មិនចាំបាច់អានសេចក្តី ប្រកាសព័ត៌មានទាំងស្រុង គ្រាន់តែអានសំណេរខ្លីមួយរបស់លោក សម រង្ស៊ី ក៏យល់ឃើញថា ការលើកឡើងដូចខាងលើនេះ បញ្ជាក់ពីភាពល្ងង់ខ្លៅ និងការមិនយល់ដឹងពីនយោបាយ ការទូតជាលក្ខណៈ ទ្វេភាគីរបស់រដ្ឋអធិបតេយ្យ និងនយោបាយការទូតជា លក្ខណៈពហុភាគីរបស់អង្គការតំបន់ ជាពិសេសតួនាទីរបស់រដ្ឋសមាជិក នៃអង្គការសហប្រជាតិ ដែលស្រឡាញ់សន្តិភាព ទាល់តែសោះ” ។

លោកបន្តថា កម្ពុជា ជារដ្ឋមានឯករាជ្យភាពនយោបាយ និងអធិបតេយ្យភាព ហើយរដ្ឋាភិបាលនៃប្រទេសនេះ នៅតែត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្នុងវិស័យទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ កម្ពុជាមិនមែនជារដ្ឋស្ថិតក្រោមវិធានការបង្ការ និការងអនុវត្តទណ្ឌកម្មរបស់ក្រុមប្រឹក្សា សន្តិសុខនៃអង្គការសហប្រជាជាតិឡើយ ឬជារដ្ឋត្រូវបានព្យួរអាសនៈ ដោយមហាសន្និបាត អង្គការសហប្រជាជាតិដែរ។

លោកថា គួរកត់សម្គាល់ថា ការដាក់ទណ្ឌកម្មផ្សេងៗ និងការមិនទទួលស្គាល់របបសឹកភូមា ហើយនិងបេសកកម្មការទូត គឺសុទ្ធតែមានបំណងស្វែងរក ដំណោះស្រាយវិបត្តិ និងជម្លោះនៅភូមា ដូច្នេះអ្វីដែលកម្ពុជាមានបំណងធ្វើ និងដើរតួសម្របសម្រួលការទូត គឺជាការអនវត្តកាតព្វកិច្ចអន្តរជាតិ ដូចមានចែងក្នុងគោលបំណង នៃអង្គការសហប្រជាជាតិ និងក្នុងនាមរដ្ឋស្រឡាញ់សន្តិភាព ។

បើតាម លោក មុត ចន្ថា បច្ចុប្បន្ន ប្រ៊ុយណេ គឺជាប្រធានប្តូរវេនអាស៊ាន បានតែងតាំងបេសកជន របស់ប្រធានអាស៊ាន ដើម្បីជម្រុញដល់ការអនុវត្ត កិច្ចព្រមព្រៀងប្រាំចំណុច ជាមួយរបបយោធាភូមា ។

កាលពីថ្ងៃ១៥ ធ្នូ ឱកាសចូលរួមសម្ពោធសណ្ឋាគារ ទំនើបមួយនាកណ្តាលក្រុងភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា នៅខែមករា ដើមឆ្នាំ២០២២ សម្តេចនឹងអញ្ជើញទៅមីយ៉ាន់ម៉ា ដើម្បីសម្របសម្រួលបញ្ហាប្រទេសនេះ ដូច្នេះគួរទុកឱកាសឲ្យ សម្តេចបានធ្វើរឿងនេះផង កុំអាលបន្ទោស។

ស្រាប់តែ លោក សម រង្ស៊ីបានបង្ហោះសេចក្តីថ្លែងការណ៍មួយថា “សម្តេច ហ៊ុន សែន ធ្វើទស្សនកិច្ចនៅប្រទេសភូមា មិនមែនជាតំណាងឲ្យកម្ពុជា និងឲ្យសមាគមអាស៊ានឡើយ ពីព្រោះមិនមែនជាតំណាង ឲ្យប្រជារាស្ត្រខ្មែរទេ ដោយសារតែការបោះឆ្នោត ក្លែងក្លាយជាបន្តបន្ទាប់ នៅកម្ពុជា ហើយទស្សនកិច្ចនៅប្រទេសភូមានេះ គឺផ្ទុយពីសេចក្តីសម្រេចរបស់ សមាគមអាស៊ានទាំងមូល ដែលមិនទទួលស្គាល់របបយោធា នៅប្រទេសភូមា ក្រោយពីរដ្ឋប្រហារ ថ្ងៃ១ កុម្ភៈ ២០២១” ។

សូមបញ្ជាក់ថា រដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រើអំពើហិង្សបង្រ្កាបទៅលើ បាតុករតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ បានសម្លាប់មនុស្សជាង ១.៣០០នាក់ បង្ករបួសស្នាមមនុស្សរាប់ពាន់នាក់ និងចាប់ខ្លួនជាង ១៥.០០០០នាក់ ៕

To Top