ព័ត៌មានជាតិ

វ៉ាក់សាំង Astra Zeneca ជាជំនួយរបស់ជប៉ុន៣០ម៉ឺនដូសថែមទៀត នឹងដឹកមកកម្ពុជាថ្ងៃ១៩ធ្នូ

ភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Astra Zeneca ចំនួនប្រមាណ៣០ម៉ឺនដូសដែលរដ្ឋាភិបាលជប៉ុន ផ្ដល់ជូនភាគីកម្ពុជា នឹងដឹកមកដល់កម្ពុជានៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ។ ការផ្តល់ឲ្យកម្ពុជានេះ ក្រោមការរៀបចំភ័ស្តុភារដោយ COVAX Facility និងគាំទ្រដោយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក ។ នេះបើយោងតាមការផ្សាយរបស់ផេកស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃ១៦ ធ្នូ ។

តាមរយៈការផ្ដល់ជូននេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា ជាការសម្រេចឡើង ស្របតាមចំណងមិត្តភាពរវាងជប៉ុន-កម្ពុជា។

លោកទូតសង្ឃឹមថា ជំនួយនេះនឹងរួមចំណែកបន្ថែមទៀត ដល់ជំហានឆ្ពោះទៅរក ការងើបឡើងវិញ នៃសង្គម និងសេដ្ឋកិច្ច ក៏ដូចជាកាត់បន្ថយ ការព្រួយបារម្មណ៍មួយចំនួន របស់ប្រជាជនកម្ពុជា។

លោកបន្ថែមថា ប្រឈមមុខនឹងការរីករាលដាល នៃមេរោគឆ្លងថ្មី ដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាអាទិភាពចំបងសម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយសរុបប្រមាណ ច្រើនជាង៦០លានដុល្លារដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រតាមរយៈ អង្គការអន្តរជាតិនានា សម្រាប់វិធានការទប់ស្កាត់ ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារ សម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំង ឲ្យបានត្រឹមត្រូវផងដែរ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ថា ជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការគាំទ្រ ហិរញ្ញវត្ថុដល់ប្រជាជនដែលរងផលប៉ះពាល់ ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹង ប្រព័ន្ធសុខាភិបាល។

លោកថា ក្នុងការប្រយុទ្ធប្រឆាំងនៃកូវីដ១៩ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់។ លោកសង្ឃឹមថា ស្ថានភាពសកលលោក រួមទាំងកម្ពុជានឹងអាចល្អប្រសើរឡើង ក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយការផ្លាស់ប្ដូរទំនាក់ទំនង រវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងពិភពលោក នឹងអាចចាប់ផ្តើមឡើងវិញ៕

To Top