ព័ត៌មានជាតិ

ADB គ្រោងចំណាយ ១០០លានដុល្លារ សម្រាប់គម្រោងថ្មីស្តីពី ជលផលតំបន់ឆ្នេរ និងសមុទ្រ នៅកម្ពុជា

ភ្នំពេញ៖ លោក Anthony Gill នាយកស្តីទីនៃបេសកកម្ម ADB ប្រចាំកម្ពុជា បានឲ្យដឹងថា ADB កំពុងរៀបចំគម្រោងថ្មីមួយស្តីពី ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព (Sustainable Coastal and Marine Fisheries Project) ដែលនឹងអនុម័តនៅឆ្នាំ២០២២ ហើយគ្រោងចំណាយថវិកា ១០០លានដុល្លារ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោក Anthony Gill បានថ្លែងថា «ADB បាននិងកំពុងរៀបចំគម្រោងថ្មីមួយស្តីពី ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព (Sustainable Coastal and Marine Fisheries Project) ដែលនឹងអនុម័តនៅឆ្នាំ ២០២២ ហើយគ្រោងនឹងចំណាយថវិកាអស់ ១០០លានដុល្លារ ក្នុងនោះបានមកពី ADB Loans ៥០លានដុល្លារ ASEAN Infrastructure Fund ១០លានដុល្លារ AFD ៣០លានដុល្លារ (Concessional Loan) និង ADB Grand Funds ១០លានដុល្លារ»។

លោក បានបញ្ជាក់ថាគម្រោងនេះ នឹងជួយវិស័យជនផល ដូចជា ៖ លើកកម្ពស់ការបន្សាំ និងកាត់បន្ថយដោយផ្អែកលើ ប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ និងសមុទ្រ, កែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្រោយការប្រមូលផលនេសាទ ដែលធន់នឹងអាកាសធាតុ, ជំរុញការវិនិយោគលើតម្លៃជលផល ប្រកបដោយសុវត្ថិភាព និរន្តរភាព និងខ្សែច្រវាក់តម្លៃ និងការផ្តល់ហិរញ្ញប្បទាន សម្រាប់ការគ្រប់គ្រងការនេសាទសមុទ្រ។

នាឱកាសនោះ លោករដ្ឋមន្ដ្រីកសិកម្មកម្ពុជា បានស្វាគមន៍ចំពោះ ADB ដែលបាននិងកំពុងតែបន្តគាំទ្រ និងឧបត្ថម្ភហិរញ្ញប្បទានឥតសំណង និងសម្បទានសម្រាប់អនុវត្តគម្រោងនានា ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះ ក៏មានវិស័យកសិកម្ម ដែលគម្រោងកម្មវិធីទាំងនោះ បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យកសិកម្ម ឲ្យមានការរីកចម្រើន ៕

To Top