ព័ត៌មានជាតិ

ប្រមុខការពារជាតិខ្មែរ៖ សម្ភារយោធា និងអាវុធអាមេរិក គ្រោងដុតកម្ទេចចោល ខណៈប្រតិបត្តិការយោធាកម្ពុជា-ចិន កាន់តែពង្រឹងពង្រីក ឲ្យស៊ីជម្រៅថែមទៀត

ភ្នំពេញ៖ ក្រោយមានបទបញ្ជាពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រកាសថា អាវុធគ្រប់ប្រភេទ រួមទាំងសម្ភារយោធាផ្សេងៗ របស់អាមេរិក ត្រូវបានប្រមូលជាបណ្ដើរៗ ហើយគ្រោងនឹងធ្វើការដុតកម្ទេចចោល សម្រាប់របស់ប្រើប្រាស់មិនកើត និងរបស់ដែលប្រើបានគឺរក្សាទុកក្នុងឃ្លាំង និងសារមន្ទីរ ខណៈសម្តេចថា សហប្រតិបត្តិការលើផ្នែកយោធាកងទ័ពកម្ពុជា-ចិន នឹងកាន់តែពង្រឹងពង្រីក ឲ្យស៊ីជម្រៅបន្ថែមទៀត ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ មានប្រសាសន៍ថា «ការប្រមូលនូវអាវុធ និងសម្ភារយោធារបស់អាមេរិក កំពុងដំណើរការជាបន្តបន្ទាប់ហើយ គ្រោងនឹងធ្វើការដុតកម្ទេចចោល សម្រាប់របស់ប្រើប្រាស់មិនកើត និងរបស់ដែលប្រើបានត្រូវរក្សាទុកក្នុងឃ្លាំង និងសារមន្ទីរ ខណៈអាវុធមួយចំនួនមានសភាពចាស់ មិនអាចប្រើប្រាស់បានដោយ ភាគតិចណាស់ដែលអាចប្រើបាន»។

សម្ដេចបន្តថា កន្លងមកក្រសួងការពារជាតិ បានទុកដាក់អាវុធ និងសម្ភារយោធាក្នុងឃ្លាំង ឬនៅក្នុងសារមន្ទីរ ប៉ុន្តែបច្ចុប្បន្នគ្រប់អង្គភាពកំពុងប្រមូល ក្នុងការត្រួតពិនិត្យមើល ពីចំនួនឲ្យបានច្បាស់លាស់ ដើម្បីរក្សាទុក ឬដល់កម្រិតមួយបំផ្លាញចោលឬយ៉ាងណា? ព្រោះអាវុធ និងគ្រឿងបំពាក់នេះ កាលណាដល់អាយុកាល ពេលចាស់ពេក ខូចខាតធ្ងន់ធ្ងរពេក ទុកនាំអន្តរាយដែរ តែងតែធ្វើការបំផ្លាញជាបន្តបន្ទាប់ ។

ចំពោះអាមេរិកប្រកាសមិន លក់អាវុធមកឲ្យកម្ពុជាទៀតនោះ សម្ដេចថា ជារឿងល្អ ដោយសាររាជរដ្ឋាភិបាលបច្ចុប្បន្ន មិនដែលទិញអាវុធពីអាមេរិក ហើយអាវុធមាននៅសល់នេះ គឺប្រមូលពីសម័យសង្គ្រាមឆ្នាំ១៩៧០ ដោយជំនាន់ លន់ នល់ យកមកប្រើប្រាស់ ដោយមាននៅសេសសល់បាត់ឃ្លាំង និងមួយចំណែកទៀត បានពីប្រភពនៃភាគីប្រយុទ្ធណាមួយ ក៏មិនបានប្រើប្រាស់ដែរ ដោយធ្វើការប្រមូលទុកដាក់បានច្បាស់លាស់ ហើយកំពុងពិចារណា មើលធ្វើយ៉ាងណាទៀតនោះ គឺសម្រេចនៅពេលក្រោយ ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះ សម្ដេច ទៀ បាញ់បន្តទៀតថា ចំពោះវិស័យយោធារវាងកងទ័ពកម្ពុជា-ចិន នឹងកាន់តែពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែស៊ីជម្រៅ ។ ក្នុងនោះគ្រប់វិស័យក៏ឈាន ដល់កិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្ដល់ផលប្រយោជន៍ឲ្យ គ្នាទៅវិញទៅមកលើមូលដ្ឋាន ឈ្នះ ឈ្នះ និងសន្តិសហវិជ្ជមាន។

សូមរំលឹកថា កាលពីថ្ងៃទី១០ ធ្នូ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញបទបញ្ជាឲ្យអង្គភាព ប្រដាប់អាវុធទាំងអស់ ត្រួតពិនិត្យឡើងវិញ ជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិក ទាំងអស់ ទៅកំទេចចោល ឬរក្សាទុកក្នុងឃ្លាំង។

ការចេញបទបញ្ជារបស់សម្ដេចតេជោ បន្ទាប់ពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ធ្នូ បានប្រកាសថា អាមេរិកនឹងបន្ថែមវិធានការកំណត់ថ្មី លើការនាំចេញឡើងវិញ នូវប្រភេទទំនិញរស៊ើប របស់ខ្លួនមកកាន់កម្ពុជា និងព្រមទាំងមានការហាមឃាត់លក់អាវុធ និងសម្ភារៈយោធាដល់កម្ពុជា ដោយក្រោមហេតុផលថា មានអំពើរំលោភបំពានសិទ្ធិមនុស្ស អំពើពុករលួយ និងការអនុញ្ញាត បង្កើនវត្តមានយោធាចិន ក្នុងប្រទេសកម្ពុជា៕

To Top