ព័ត៌មានជាតិ

ក្រសួងសាធារណការ ចុះសិក្សាលទ្ធភាពដំឡើងទីតាំងស្ថានីយ សាករថយន្តអគ្គិសនី នៅខេត្តបាត់ដំបង និងសៀមរាប

ភ្នំពេញ៖ ថ្មីៗនេះ លោក ឈួន វ៉ន់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី តំណាងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណ: និងមន្ត្រីជំនាញ បានចុះសិក្សាលទ្ធភាពដំឡើង ទីតាំងស្ថានីយសាករថយន្តអគ្គិសនី នៅខេត្តបាត់ដំបង និងសៀមរាប ត្រៀមខ្លួនឆ្លើយតបទៅនឹង អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា។

ការចុះពិនិត្យនេះធ្វើឡើងស្រប ទៅតាមការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចពិភាក្សាមួយក្រោមប្រធានបទ «អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» ក្នុងនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់ នៃរថយន្តដើរដោយថាមពលអគ្គីសនី (Electric Vehicles) ក្នុងការចូលរួមចំណែកដល់ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ទៅក្នុងបរិយាកាស និងការធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្ត ដើរដោយថាមពលអគ្គិសនី(EVs)។

ផ្ទាំងពាណិជ្ជកម្ម

លោករដ្ឋមន្ដ្រី បានបន្ថែមថា «យើងត្រូវធានាឱ្យមានហេដ្ឋា រចនាសម្ព័ន្ធទាំងមូលសម្រាប់ EVs នៅកម្ពុជា ក្នុងនោះរួមមាន៖ ស្ថានីយសាករថយន្តអគ្គិសនី កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានាថា EVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ»។

សូមបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP គ្រោងផ្តល់ជូនស្ថានីយសម្រាប់ សាកយានយន្តដើរដោយ ថាមពលអគ្គិសនីចំនួន៥ទីតាំង នៅតាមបណ្ដារាជធានី-ខេត្ត តាមការស្នើសុំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលក្នុងនោះ ២ទីតាំងនៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ជាអំណោយលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់យានយន្ត ដើរដោយថាមពលអគ្គិសនី ក៏ដូចជាដើម្បីទាក់ទាញនូវ ចំណាប់អារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរ ឱ្យងាកមកចាប់អារម្មណ៍ លើការប្រើយានយន្តដើរ ដោយថាមពលអគ្គិសនីក្នុងការចូលរួម ចំណែកដល់ការកាត់បន្ថយ ផលប៉ះពាល់បរិស្ថាន ៕

To Top
×