ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២១នេះ មានពលករខ្មែរ ត្រឡប់មកពីក្រៅប្រទេស ជាង២៦ម៉ឺននាក់ ក្នុងនោះ ត្រឡប់មកពីប្រទេសថៃ ច្រើនជាងគេ។
ក្នុងពិធីសម្ពោធអគារមណ្ឌល ទទួលពលករកំរៀង ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោកស្រី ជូ ប៊ុនអេង បានថ្លែងថា ពលករកម្ពុជា ដែលបានឆ្លងដែនទៅធ្វើការនៅប្រទេសជិតខាង ជាពិសេសប្រទេសថៃ មានចំនួនច្រើនលើសលុបរហូតដល់ ជាង១លាននាក់ ហើយតែងតែធ្វើចរាចរណ៍ ឆ្លងកាត់ព្រំដែនទាំងរបៀបផ្លូវការ និងរបៀបមិនផ្លូវការ មិនប្រក្រតី មិនទៀងទាត់ ជាហេតុនាំឱ្យមានការពិបាកគ្រប់គ្រង និងប្រឈមគ្រោះថ្នាក់ក្រៃលែង។
លោកស្រី បន្ដថា ជាគោលការណដឹកនាំរបស់ រាជរដ្ឋាភិបាល ជាពិសេស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ការរៀបចំទទួលពលករ តាមច្រកព្រំដែនសំខាន់ៗ ដែលមានពលករឆ្លងកាត់ គឺដើម្បីតាមដានគ្រប់គ្រង លំហូរពលករទេសន្ដរប្រវេសក៍ និងទទួលខុសត្រូវចំពោះសុវត្ថិភាព របស់ពលរដ្ឋកម្ពុជាដែលបាន ធ្វើទេសន្ដរប្រវេសក៍ ស្វែងការងារចញ្ចឹមជីវិត តែត្រូវទទួលបានគ្រោះថ្នាក់ផ្សេងៗ និងត្រូវបានអាជ្ញាធរបរទេស បញ្ជូនប្រឡប់មកវិញ ក្នុងស្ថានភាពមិនប្រក្រតី។
លោកស្រី បន្ថែមថា ក្នុងពេលជំងឺដង្ហើមកាច់សហាវ កូវីដ-១៩ បានចាប់ផ្ដើមរាតត្បាតដល់ បណ្ដាប្រទេសក្នុងតំបន់ដែលធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធសេដ្ឋកិច្ច ការងាររបស់ពលករ ដែលតាមបណ្ដារោងចក្រ សហគ្រាស កសិដ្ឋាន និងការដ្ឋានការងារ ជាច្រើន ត្រូវបានបិទស្ទើរទាំងស្រុង ធ្វើឲ្យពលករបាត់បងការងារ និងប្រាក់ចំណូល ជាពិសេស ពលករគ្មានជំនាញ និងមានចំណូលទាប។
លោកស្រី បញ្ជាក់ថា «ការបិទព្រំដែនរបស់ ព្រះរាជាណាចក្រថៃ ក្នុងអំឡុងខែមីនា ឆ្នាំ២០២០ បានជំរុញពលករកម្ពុជាវិលត្រឡប់ មកពីប្រទេសថៃយ៉ាងគគ្រឹកគគ្រេង តាមបណ្ដោយបន្ទាត់ព្រំដែន រួមទាំងច្រកព្រំដែនកំរៀង នេះផងដែរ។ នឹងត្រូវការត្រួតពិនិត្យយ៉ាង ត្រឹមត្រូវបំផុតទាំងបញ្ហាសុខភាព ពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ-១៩ និងការគ្រប់គ្រងភាពរាយប៉ាយ តាមច្រកមិនផ្លូវការទាំងយប់ ទាំងថ្ងៃ។ គិតមកដល់ចុងឆ្នាំ២០២១ នេះ មានពលករដែលត្រឡប់ មកពីក្រៅប្រទេសរហូតដល់ ជាង២៦ម៉ឺននាក់ ដែលក្នុងនោះ មានការវិលត្រឡប់ ប្រទេសថៃច្រើនជាងគេ»៕