ព័ត៌មានជាតិ

បើកការដ្ឋាន ស្ថាបនាផ្លូវ ក្រាលកៅស៊ូ DBST ជិត ៣ គីឡូម៉ែត្រ ក្នុងស្រុកកោះសូទិន

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២០ ខែធ្នូឆ្នាំ២០២១នេះ រួមជាមួយក្រុមការងារ បានអញ្ជើញ បើកការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ប្រវែង ២,៦៩៧ម៉ែត្រ ក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សមិទ្ធិផលផ្លូវមួយខ្សែ ដែលកំពុងបើកការដ្ឋានស្ថាបនា ជាគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន២ ដែលត្រូវចំណាយថវិកា អស់ប្រមាណជា ជាង ៣០ម៉ឺនដុល្លារ គឺជាការឆ្លើយតបទៅ តាមសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានស្នើសុំ ក្នុងវេទិកាសាធារណៈនាពេលកន្លងមក ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលផ្លូវមួយខ្សែនេះ មានផលប្រយោជន៍ច្រើន ដល់ប្រជាពលរដ្ឋយើង ក្នុងស្រុកកោះសូទិន ពិសេសប្រជាពលរដ្ឋ ដែលបានទទួលផលដោយផ្ទាល់ គឺមានក្នុងរង្វង់ប្រមាណជា ៩០០ គ្រួសារ រស់នៅក្នុងភូមិចំនួន ៦ភូមិ ក្នុងឃុំពង្រ និងឃុំមហាលាភ ។

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ផ្លូវគឺជាសសៃឈាមនៃសេដ្ឋកិច្ចជាតិ និង សេដ្ឋកិច្ចគ្រួសារ ពោលគឺផ្លូវនេះ បានបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ ពីតំបន់មួយទៅតំបន់មួយ បានឆាប់រហ័ស ចំណេញទាំងពេលវេលា និងថវិកា រីឯសាច់ញាតិដែលនៅទីជិតឆ្ងាយ ក៏ងាយ ស្រួលក្នុងការធ្វើដំណើរមកលេងស្រុក កំណើត ដោយសារតែមានផ្លូវស្អាតនេះផងដែរ ។

យ៉ាងណាក៏ដោយ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមឱ្យមានការសហការល្អ និង ការយោគយល់គ្នា ជាមួយអាជ្ញាធរ និងក្រុមហ៊ុនស្ថាបនាផ្លូវ ចំពោះការរំខានណាមួយ ក្នុងពេលកំពុងស្ថាបនា សូមឱ្យប្រជាពលរដ្ឋចូលរួម ដើម្បីទទួលបានផ្លូវស្អាតប្រកបដោយគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង ។

លោកអភិបាលខេត្ត បានយក ឱកាសនោះ ផ្តាំផ្ញើរដល់ពលរដ្ឋទាំងអស់ សូមឱ្យយកចិត្តទុកដាក់ ថែទាំសុខភាព ជាពិសេស ការចូលរួមបន្តអនុវត្តវិធានការ សុខាភិបាល «៣ការពារ ៣កុំ» ដើម្បី ការពារកុំឲ្យឆ្លងជម្ងឺកូវីដ១៩ ក្នុងរលកថ្មី ជាពិសេសនៅក្នុងរដូវរងារនេះ ៕

To Top