ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកពីសារព័ត៌មានដើមអម្ពិល ដែលមានលោក សយ សុភាព ជាថ្នាក់ដឹកនាំម្នាក់ដែលបាន គិតគូរសុខទុក្ខពីបុគ្គលិក បានជួយផ្សព្វផ្សាយ និងបរិច្ចាគកម្លាំងយ៉ាងច្រើន ក្នុងសមរភូមិប្រាសាទព្រះវិហារ រវាងកម្ពុជា-ថៃ ព្រោះ វិទ្យុបរទេសមួយចំនួន មិនហ៊ានផ្សាយជំលោះកម្ពុជា-ថៃ រឿងប្រាសាទព្រះវិហារនេះ ។

ក្នុងឱកាសខួបអនុស្សាររីយ៍លើក១៥ ថ្ងៃបង្កើតសារព័ត៌មានដើមអម្ពិល នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោក ផៃ ស៊ីផាន បានថ្លែងឲ្យដឹងថា កាលពីកម្ពុជា-ថៃ មានជម្លោះ និងប៉ះទង្គិចគ្នា នៅតាមខ្សែបន្ទាត់ព្រំដែន វិទ្យុអាស៊ីសេរី និងវិទ្យុអាមេរិកមួយចំនួនទៀត មិនបានចុះផ្សព្វផ្សាយឡើយ ព្រោះពេលនោះ អាមេរិកជាសម្ព័ន្ធមិត្តជាមួយភាគីថៃ មានតែសារព័ត៌មានដើមអម្ពិលប៉ុណ្ណោះ បានជួយផ្សាយរឿងទាំងនេះ ។
លោកថ្លែងថា «សមរភូមិប្រាសាទព្រះវិហារ អ្នកដើរតួមុខគេបំផុតគឺ សារព័ត៌មានដើមអម្ពិល ចុះយកព័ត៌មានដល់ កន្លែងកើតហេតុតែម្ដង ហើយក្រុមការងារ សារព័ត៌មានដើមអម្ពិល មិនត្រឹមតែធ្វើព័ត៌មានប៉ុណ្ណោះទេ ថែមទាំងបានជួយលីគ្រាប់ យកទៅឲ្យទាហារខ្មែរ ទាំងកណ្ដាលយប់»។

លោក ផៃ ស៊ីផាន បានបន្ដទៀតថា អំណាចអ្នកសារព័ត៌មាន នៅពេលនោះដែលមានលោក សយ សុភាព អ្នកដឹកនាំបានដេញពួកទាហ៊ានថៃ ឈ្លានពានមកលើទឹកកម្ពុជា ក្រោយមកទៀតពួកទាហ៊ាន ក៏នាំគ្នាដកទ័ពចេញពី កម្ពុជាទៅទឹកដីថៃទៅវិញ។
លោកបានចាត់ទុកថា ទាំងនេះជាប្រវត្តិសាស្ដ្រ សម្រាប់សារព័ត៌មានដើមអម្ពិល ហើយដើមអម្ពិល បានបរិច្ចាគយ៉ាងច្រើន ក្នុងសង្គ្រាមកម្ពុជា-ថៃ ដោយមិនប្រើប្រាស់អាវុធ គឺប្រើប្រាស់តាមរយៈ ការផ្សព្វផ្សាយព័ត៌មាន ជូនប្រជាពលរដ្ឋ។

លើសពីទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ក៏បានជូនពរសារព័ត៌មានដើមអម្ពិល កាន់តែជោគជ័យបន្ថែមទៀត ក្នុងការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ។ អ្នកនាំពាក្យចាត់ទុកថា សារព័ត៌មានដើមអម្ពិលដើរលឿន និងរហ័ស។

នាឱកាសនោះដែរ លោក សយ សុភាព អគ្គនាយកសារព័ត៌មានដើមអម្ពិល បានថ្លែងអំណរគុណ ជាអតិបរមា និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ គោរពស្រឡាញ់រាប់អាន ជូនដល់បុគ្គលិក និងសហការី ទាំងអស់ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត និងសមត្ថភាព ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសក្នុងរយៈពេល ២ឆ្នាំចុងក្រោយ អំឡុងពេលកូវីដ-១៩នេះ ពិតជាបានបំពេញភារកិច្ចរបស់ខ្លួន កាន់តែខ្លាំងក្លាថែមទៀត។
សូមរំលឹកថា ជម្លោះប្រាសាទព្រះវិហាររវាង កម្ពុជា-ថៃដែលបានឈានទៅដល់ ការប៉ះទង្គិចប្រដាប់អាវុធគ្នានោះ បានកើតឡើងតាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣។ កាលណោះ ប្រទេសថៃ បានបញ្ជូនកងទ័ពចូល ក្នុងតំបន់ប្រាសាទព្រះវិហារ ដែលជាអធិបតេយ្យភាពរបស់កម្ពុជា ហើយទាមទារកាន់កាប់ ប្រាសាទបុរាណមួយនេះ តែពួកគេមិនបានទទួលជោគជ័យ ដូចការប៉ង់ប្រាថ្នាឡើយ ៕

