ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាង​សង់ស្ពាន អាកាសថ្មីមួយទៀត នៅចំណុចភ្លើងស្តុប ផ្សារស៊ិនជូរីផ្លាហ្សា

ភ្នំពេញ ៖ ដោយសារការ កកស្ទះ ចរាចរណ៍រាល់ថ្ងៃ នៅតំបន់ភ្លើងស្តុប ផ្លូវលេខ២០០៤ កែងនៅផ្លូវហព័ន្ធរុស្ស៊ី នៅក្នុងសង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ នោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងពីគម្រោងសាងសង់ ស្ពានអាកាសថ្មីមួយ កន្លែងទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ ដើម្បីសម្រួលចរាចរណ៍ ។

ក្នុងកិច្ចប្រជុំតាមរយៈ Video Conference ជាមួយកងកម្លាំង ទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោកឃួង ស្រេង បានលើកឡើងថា ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូល ចោមចៅ បានស្ថាបបានច្រើនភាគរយហើយ និងបានដាក់ឲ្យដំណើរ ការផ្លូវមួយចំនួននៃស្ពានអាកាស និងផ្លូវក្រោមដីនេះហើយដែរ ។ ស្ពានអាកាសនិងផ្លូវក្រោមដី នៃរង្វង់មូលចោមចៅនេះ ក្រោយពី មានការ ដាក់ឲ្យដំណើរការ ផ្លូវមួយចំនួន នៃស្ពាននេះ លំហូរចរាចរណ៍ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី , ផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវ លេខ២០១១ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងដែលតម្រូវឲ្យ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការសិក្សាដើម្បីសាងសង់ស្ពាន អាកាសថ្មីមួយទៀត នៅចំណុចខាងលើនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរពលរដ្ឋ ។

លោកបន្តថា ស្ពានអាកាសថ្មីមួយនេះ គ្រោងនឹងបើកការដ្ឋានស្ថាបនា ក្រោយបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានអាកាស និងផ្លូវក្រោមដី នៃរង្វង់ មូលចោមចៅ ។ លោកថា នៅពេលដោះស្រាយចរាចរណ៍ នៅរង្វង់មូលចោមចៅ បានល្អប្រសើរហើយ បែរមកកកស្ទះនៅចំណុច ស្តុបផ្សារ ស៊ិនជូរីផ្លាហ្សា (ផ្លូវ២០០៤ កែងផ្លូវសហពន្ធរុស្សី) ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការសិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មី មួយទៀតនេះ ៕

To Top