ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ជំរុញផ្សព្វផ្សាយព័ត៌មាន បរិស្ថានឱ្យបានច្រើន ដើម្បីផ្ដល់ចំណេះដឹងដល់ពលរដ្ឋ

ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញឱ្យមន្ត្រី នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបង្កើន ការផ្សព្វផ្សាយពាក់ព័ន្ធនឹង ជីវភាពសហគមន៍ ទេសភាពនៅតាមតំបន់នានា សកម្មភាពមេត្រីភាពបរិស្ថាន និងព័ត៌មានបរិស្ថានឱ្យបានច្រើន ដើម្បីផ្ដល់ចំណេះដឹងដល់ ប្រជាពលរដ្ឋកាន់តែច្រើន។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន ។

ក្នុងកិច្ចប្រជុំបូកសរុបសលទ្ធផល ការងាររបស់អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ដែលសម្រេចបាននៅឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែង វាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់មន្ត្រី នៃអគ្គចំណេះដឹង និងព័ត៌មានបរិស្ថាន ទោះបីជាស្ថិតក្នុងស្ថានភាព ដ៏លំបាកនៃបរិបទកូវីដ និងការកាត់ថវិកាសម្រាប់បំពេញការងារ ប៉ុន្តែថ្នាក់ដឹកនាំ និងមន្ត្រី បានរិះរកវិធានការគ្រប់មធ្យោបាយ ដើម្បីបន្តឱ្យសកម្មភាពការងារ មានដំណើការទៅមុខយ៉ាងរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

ផ្ទាំងពាណិជ្ជកម្ម

លោកក៏បាន លើកទឹកចិត្តឱ្យនៅតែបន្ត កិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីរក្សានូវកិត្តិនាម ដោយប្រកាន់ភ្ជាប់នូវការទទួលខុសត្រូវ ការចែករំលែក សាមគ្គីភាព ការចូលរួម គឺជាធាតុសំខាន់ដើម្បីឱ្យការងារ មានដំណើទៅមុខបាន។

លោកបានជំរុញទៅកាន់មន្ត្រី នៃអគ្គចំណេះដឹង និងព័ត៌មានបរិស្ថាន ត្រូវមានការយកចិត្តទុកដាក់ ដើម្បីបន្តអនុវត្តន៍តួនាទីភារៈកិច្ច របស់អគ្គនាយកដ្ឋាន ផ្តោតទៅលើ ៦ចំនុចសំខាន់គឺ ១.បង្កើតនូវគំនិតថ្មីក្នុងការ គ្រប់គ្រងប្រព័ន្ធការងារ ប្រកបដោយកិច្ចសហការ និងមានគុណភាព។ ២.ពិនិត្យមើលលើចក្ខុវិស័យរួម ដើម្បីធ្វើផែនកាការងារសមស្រប ទៅនឹងទិសដៅការងាររបស់ក្រសួង។ ៣.បង្កើនការបណ្តុះស្មារតីស្រលាញ់ បរិស្ថានរបស់ប្រជាពលរដ្ឋ ជំរុញ និងលើកទឹកចិត្តឱ្យមាន ប្រតិបត្តិករមន្ត្រីបរិស្ថាន តាមរយៈព្រឹត្តិការណ៍ផ្សេងៗ។ ៤.បង្កើនការផ្សព្វផ្សាយពាក់ព័ន្ធ នឹងជីវភាពសហគមន៍ ទេសភាពនៅតាមតំបន់នានា សកម្មភាពមេត្រីភាពបរិស្ថាន និងព័ត៌មានបរិស្ថានឱ្យបានច្រើន ដើម្បីបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋ។ ៥.បង្កើនកិច្ចសហប្រតិបត្តិការណ៍ជាមួយក្រសួង ស្ថាប័ន ដៃគូ ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល។ ៦.ជំរុញការងារព័ត៌មានភូមិសាស្ត្រ ឱ្យក្លាយជាមជ្ឈមណ្ឌលទិន្នន័យកណ្តាល ដែលមានតួនាទីសំខាន់ ក្នុងការរក្សាទុកទិន្នន័យពាក់ព័ន្ធនឹងព្រៃឈើ តំបន់ការពារធនធានធម្មជាតិ សហគមន៍តំបន់ការពារធម្មជាតិ និងតំបន់ទេសចរណ៍ធម្មជាតិសំខាន់នានា ៕

To Top
×