ភ្នំពេញ៖ រដ្ឋបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាបនឹងរៀបចំកម្មវិធី «ពិព័រណ៍ម្ហូបអាហារជនបទ» របស់សហគមន៍ភូមិព្រះដាក់ រយៈពេល៣យប់៣ថ្ងៃ នៅក្នុងអំឡុងពេលដំណាច់ឆ្នាំនៃបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងនៅលើគេហទំព័រហ្វេសបុកផ្ទាល់ខ្លួនថា ដើម្បីបង្កើតឱកាសរកប្រាក់ចំណូលសម្រាប់អ្នកភូមិ និងជំរុញឱ្យមានការងើបឡើងវិញនៃវិស័យទេសចរណ៍ រដ្ឋបាលស្រុកបន្ទាយស្រីនឹងសហការជាមួយបងប្អូនសហគមន៍ក្នុងភូមិព្រះដាក់ រៀបចំកម្មវិធីម្ហូបអាហារជនបទនេះឡើង ដើម្បីផ្តល់ជាបទពិសោធថ្មីមួយដល់អ្នកទេសចរបានដើរលេងកម្សាន្តក្នុងភូមិ និងភ្លក់រសជាតិម្ហូបអាហារធ្វើដោយដៃអ្នកភូមិផ្ទាល់ នៅលើកំណាត់ផ្លូវកៅស៊ូឆ្លងកាត់ភូមិព្រះដាក់តែម្តង។
លោកបានបញ្ជាក់ថា ក្រុមការងារនឹងរៀបចំផ្លូវវាងសម្រាប់រំដោះចរាចរណ៍ និងមានត្រៀមចំណតយានយន្តត្រឹមត្រូវផងដែរ។ លោកបន្តថា កម្មវិធីនេះនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ៣០ ៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដោយមានស្តង់ម្ហូបអាហារ កន្លែងអង្គុយហូប និងឆាកតន្ត្រីរាំវង់ស្គរដៃ។
លោកបន្ថែមថា ក្រុមការងារគ្រោងនឹងរៀបចំស្តង់(ទំហំ៣ម៉ែត្រគុណ៣ម៉ែត្រ) ចំនួន ១០០ស្តង់ ដែលរហូតមកដល់ពេលនេះ ភាគច្រើនត្រូវបានកក់ទុកដោយពុកម៉ែបងប្អូនមកពីភូមិព្រះដាក់ផ្ទាល់រួចហើយ ។
លោកបន្តថា នៅសល់ស្តង់មួយចំនួនទៀតទុកសម្រាប់បងប្អូនអាជីវករមកពីតំបន់ផ្សេងៗដែលចាប់អារម្មណ៍ចង់ចូលរួមលក់ជាមួយអ្នកភូមិ អាចទំនាក់ទំនងមកទូរស័ព្ទខាងក្រោមបាន ឱ្យតែគោរពទៅតាមលក្ខខ័ណ្ឌនៃម្ហូបអាហារ ឬនំបង្អែមបែបជនបទ។ ក្នុងបរិបទកូវីដ១៩នេះ កម្មវិធីទាំងមូលនឹងត្រូវបានធ្វើឡើងដោយគោរពតាមគោលការណ៍នៃវិធានសុវត្ថិភាពសុខាភិបាល ដោយតម្រូវឱ្យពាក់ម៉ាស់ និងរក្សាគម្លាតយ៉ាងម៉ត់ចត់បំផុត៕




