ព័ត៌មានជាតិ

លោក គិន ភា ៖ អាមេរិកប្រើប្រាស់កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងបំបែកពិភពលោក ទៅជាប្លុកជាថ្មីម្តងទៀត (Video)

ភ្នំពេញ ៖ លោក គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានថ្លែងថា សហរដ្ឋអាមេរិក កំពុងប្រើប្រាស់ «កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ» ដើម្បីធ្វើឲ្យការបែងចែកភូមិសាស្ត្រនយោបាយកាន់តែធ្ងន់ធ្ងរ និងប៉ុនប៉ងបំបែកពិភពលោក ទៅជាប្លុកជាថ្មីម្តងទៀត ។

ក្នុងសន្និសីទអន្តរជាតិ ស្ដីពីតួនាទីរបស់ចិនក្នុងសតវត្សរ៍ទី២១ និងទំនាក់ទំនងរបស់ចិន ជាមួយអាស៊ាន នៅថ្ងៃទី២២ ធ្នូ លោក គិន ភា បានមានប្រសាសន៍ថា សន្និសីទអន្តរជាតិនេះ បានរៀបចំឡើងស្របពេលសហរដ្ឋអាមេរិក បានរៀបចំកិច្ចប្រជុំមួយដែលគេហៅថា «កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ» ដែលបានអញ្ជើញប្រទេសជាង១០០ប្រទេសចូលរួម។

លោកបញ្ជាក់ថា «ប៉ុន្តែកិច្ចប្រជុំកំពូលនេះ ត្រូវបានគេមើលឃើញថា ត្រូវបានប្រើប្រាស់ដើម្បីធ្វើឲ្យការបែងចែកភូមិសាស្ត្រនយោបាយ កាន់តែធ្ងន់ធ្ងរ និងប៉ុនប៉ងបំបែកពិភពលោក ទៅជាប្លុកជាថ្មីម្តងទៀត។ លទ្ធិប្រជាធិបតេយ្យ កំពុងត្រូវបានគេប្រើប្រាស់ ដើម្បីក្លែងបន្លំពិភពលោកទាំងមូលលើ «ការព្រួយបារម្ភអំពីលទ្ធិប្រជាធិបតេយ្យ» និងបង្កើតផ្នត់គំនិតនៃសង្រ្គាមត្រជាក់ជាថ្មី» ។

លោកបន្តថា ប្រទេសលោកខាងលិចមួយចំនួនកំពុងបន្លឺសំឡេងនៃ «លទ្ធិប្រជាធិបតេយ្យ» និង«សិទ្ធិមនុស្ស» ម្តងហើយម្តងទៀត ហើយបានចំណាយថាមពលទាំងអស់របស់ខ្លួន លើការទប់ស្កាត់ប្រទេសដែលមិនធ្វើតាមគំរូរបស់ពួកគេ។ ពួកគេតែងតែព្យាយាមបិទបាំងការបរាជ័យ និងភាពរញ៉េរញ៉ៃផ្ទៃក្នុងរបស់ខ្លួន ដោយបង្វែរការស្តីបន្ទោសទាំងអស់ ទៅកាន់ប្រទេសផ្សេងទៀត ដូចជា ប្រទេសចិន និងកម្ពុជា ជាដើម។

លោក គិន ភា លើកឡើងថា ការដាក់ចេញ «គំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ» (BRI) ដោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងឆ្នាំ២០១៣ បានផ្តល់ឲ្យចិន នូវឱកាសដ៏អស្ចារ្យ ដើម្បីពង្រីកឥទ្ធិពលនយោបាយការទូត និងសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងពិភពលោក ជាពិសេសនៅអាស៊ី។ ទោះជាយ៉ាងណាក៏ដោយ ក៏ចិនទទួលបន្ទុកកាន់តែធំ និងមានការទទួលខុសត្រូវកាន់តែច្រើន នៅក្នុងសណ្ដាប់ធ្នាប់ពិភពលោកថ្មី ហើយតួនាទីរបស់ចិន នៅក្នុងសតវត្សរ៍ទី២១ កាន់តែមានសារៈសំខាន់ខ្លាំងឡើង។ ទន្ទឹមនឹង «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ចិនបានស្នើឲ្យមានសហគមន៍ពិភពលោកដែលមានអនាគតរួមគ្នា។ គំនិតនៃសហគមន៍ដែលមានអនាគតរួមគ្នា ធ្វើឲ្យប្រសើរឡើងនូវផ្ទាំងបដា ការទូតឈ្នះ-ឈ្នះសម្រាប់សន្តិភាព និងការអភិវឌ្ឍ ការស្វែងរកការរួបរួមពិភពលោកដែលបានក្លាយជាតម្លៃរួម ជំរុញដល់ការកែទម្រង់ ប្រព័ន្ធអភិបាលកិច្ចសកល និងគំរូថ្មីនៃទំនាក់ទំនងអន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ។

ទាក់ទងនឹងកីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ ក្នុងខែកុម្ភៈ នៅទីក្រុងប៉េកាំង លោក គិន ភាគូសបញ្ជាក់ថា មានការប៉ុនប៉ងធ្វើនយោបាយនីយកម្មអូឡាំពិក និងនយោបាយនីយកម្មកីឡាដែលអាចបំផ្លាញស្មារតីអូឡាំពិក ក៏ដូចជាភាពបរិសុទ្ធនៃចលនាអូឡាំពិក។ ដូចនេះ ទីក្រុងប៉េកាំង គឺជាទីក្រុងតែមួយគត់ដែលរៀបចំព្រឹត្តិការណ៍ ទាំងកីឡាអូឡាំពិករដូវក្តៅ និងទាំងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ។

លោកថា ទោះជាយ៉ាងណាក៏ដោយ ប្រទេសលោកខាងលិច មិនអាចប្រឆាំងនឹងការពិតដែលប្រទេសនានាប្រកាន់យកគំរូ នៃការអភិវឌ្ឍខុសៗគ្នានោះ គឺធ្វើបានល្អជាងអ្វីដែលហៅថា គំរូប្រជាធិបតេយ្យរបស់ពួកគេ។ ប្រទេសលោកខាងលិចមួយចំនួន កំពុងចាប់ផ្តើមយុទ្ធនាការនៃ «ការធ្វើពហិការការទូតនៃ កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង» ដោយមានគោលបំណង ញុះញង់ឲ្យមានបះបោរ និងបង្កឲ្យមានភាពចលាចល នៅក្នុងទីក្រុងស៊ីនជាំង ដើម្បីកាត់បន្ថយឥទ្ធិពលនៃ «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» នៅទីនោះ។

លោកមានប្រសាសន៍ទៀតថា គំរូនៃការអភិវឌ្ឍរបស់ ប្រទេសចិនបង្ហាញថា បញ្ហាស្នូលនៃការអភិវឌ្ឍ គឺការលើកកម្ពស់ សុខុមាលភាពរបស់ប្រជាជន និងការរីកចម្រើនរបស់ប្រទេសជាតិ។ ប៉ុន្តែមិនមែនគ្រាន់តែជាការ និយាយទទេអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរាប់ឆ្នាំនោះទេ។ សូមក្រឡេកមើលប្រទេស អាហ្វហ្កានីស្ថាន អ៊ីរ៉ាក់ លីប៊ី ទុយនីស៊ី សូម៉ាលី ស៊ីរី និងយេម៉ែន ប្រទេសទាំងនេះ និងប្រជាជនរបស់ពួកគេត្រូវបាន វាយប្រហារក្រោមស្លាក លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ៕

To Top