ព័ត៌មានជាតិ

កម្ពុជា ប្តេជ្ញាឥតងាករេ ការពារ និងអភិវឌ្ឍទំនាក់ទំនង ជាមួយវៀតណាម តាមស្មារតី ភាពជាអ្នកជិតខាងល្អ

ភ្នំពេញ៖ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា កម្ពុជា ប្តេជ្ញាចិត្តឥតងាករេដើម្បីការពារ ថែរក្សា និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា-វៀតណាម តាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង»។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋវៀតណាម នាថ្ងៃទី២១ ធ្នូ សម្ដេច សាយ ឈុំ បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់បុព្វហេតុ ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជា ក្នុងគ្រប់ដំណាក់កាលទាំងអស់។

សម្ដេច មានប្រសាសន៍ថា «ប្រទេសកម្ពុជា បានប្តេជ្ញាចិត្តឥតងាករេដើម្បីការពារ ថែរក្សា និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ តាមស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង»។

សម្តេច ប្រធានព្រឹទ្ធសភា បានអបអរសាទរចំពោះសមិទ្ធផល ដ៏មហាសាលរបស់បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់បក្សកុម្មុយនីស្តវៀតណាម។ សម្តេច ជូនពរវៀតណាម បន្តសម្រេចបាននូវសមិទ្ធផល សង្គម-សេដ្ឋកិច្ចធំៗ បន្ថែមទៀត ស្របតាមសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាម។

ផ្ទាំងពាណិជ្ជកម្ម

នាឱកាសនោះ លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋរដ្ឋវៀតណាម បានថ្លែងថា ប្រជាជន និងប្រទេសទាំងពីរ បានប្រគៀកស្មា និងសហការគ្នាយ៉ាងល្អប្រសើរ ដើម្បីរួមគ្នាតស៊ូជាមួយពួកចក្រពត្តិ។ លោកថា តាំងពីពេលមុនរហូតមកដល់ ពេលបច្ចុប្បន្ននេះប្រទេសទាំងពីរ បានពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃ និងកាន់តែរីកចម្រើនថែមទៀត។

លោក បន្ដថា ប្រទេសទាំងពីរបានធ្វើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ដូចជា ៖ វិស័យការពារជាតិ សន្តិសុខ វប្បធម៍ សេដ្ឋកិច្ច និងវិស័យអប់រំ ជាដើម។ បច្ចុប្បន្ននេះ ទំហំពិណិជ្ជកម្មនៃប្រទេសទាំងពីរ មានការកើនឡើងជាលំដាប់ ដោយសម្រេចបានប្រហែលជាង ៩ពាន់លានដុល្លារអាមេរិក។

លោក ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរដែលមាន ការរីកចម្រើនយ៉ាងឆាប់រហ័ស។ លោកសង្ឃឹមថា នាពេលខាងមុខនេះ ប្រទេសទាំងពីរនឹងបន្ត ពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ ដើម្បីចាត់ទុកជាមរតក ឱ្យយុវវជនជំនាន់ក្រោយ ៕

To Top
×