នយោបាយ

ប្រធានរដ្ឋវៀតណាម ជូនពរកម្ពុជា ឲ្យជោគជ័យរៀបចំ ការបោះឆ្នោតឃុំ-សង្កាត់ និងថ្នាក់ជាតិ

ភ្នំពេញ ៖ លោក ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជូនពរកម្ពុជា ឲ្យសម្រេចបានជោគជ័យ ក្នុងការរៀបចំការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ និងបោះឆ្នោតសកល ។

យោងតាមសេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា-វៀតណាម ក្រោយបញ្ចប់ដំណើរ ទស្សនកិច្ចលោក ង្វៀន សួនហ្វ៊ុនៅកម្ពុជា២ថ្ងៃ(២១-២២)នាថ្ងៃ២២ ធ្នូនេះបានឲ្យដឹងថា “ឯកឧត្តមបានជូនពរដោយស្មោះចំពោះកម្ពុជា ឲ្យសម្រេចបានជោគជ័យ ក្នុងការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតសកល ឆ្នាំ២០២៣ ដែលនឹងរួមចំណែក ដល់ការសម្រេច បានគោលដៅ ប្រែក្លាយកម្ពុជា ទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមាន ប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០” ។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ ខាងមុខ។

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងដំណើរទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខណៈមានឃុំ-សង្កាត់ ចំនួន១,៦៥២ និងសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ចំនួន១១,៦២២ និងការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ៕

To Top