DAP News

ព័ត៌មានជាតិ

កិច្ចព្រមព្រៀម ពាណិជ្ជកម្មសេរី កម្ពុជា-ចិន ជាឱកាសដ៏ល្អ សម្រាប់កម្ពុជា

ក្នុងរយៈពេលជាងមួយទសវត្សរ៍ មុនពេលមានការរីករាលដាល ជាសកលនៃជំងឺកូវីដ-១៩ នៅដើម ឆ្នាំ២០២០ ផលិតផលក្នុងស្រុក សរុបរបស់ប្រទេសកម្ពុជា មានកំណើនប្រចាំឆ្នាំ ជាមធ្យមក្នុងអត្រាខ្ពស់ជាង៧% ដែលនេះគឺជាកំណើន មួយដ៏ខ្ពស់ បើធៀបទៅនឹងកំណើន របស់ប្រទេសនានា នៅក្នុងតំបន់អាស៊ាន ។ សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកលើវិស័យចម្បងៗ ចំនួនបី គឺវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា មានការប្រែប្រួល គួរឲ្យកត់ សម្គាល់ ដោយចំណែករបស់វិស័យ ឧស្សាហកម្ម និង សេវាកម្ម នៅក្នុង ផលិតផល ក្នុងស្រុកសរុប បានកើនឡើង គួរឲ្យកត់សម្គាល់ ដោយជាមធ្យម វិស័យទាំងពីរនេះ បានរួមចំណែក រហូតទៅដល់ ជាង៦០% នៃផលិតផលក្នុងស្រុកសរុប រីឯចំណែករបស់វិស័យកសិកម្ម បានថយចុះមកនៅត្រឹម ជាង២០% តែប៉ុណ្ណោះ ជាមធ្យម ។

នេះគឺជាការវិវត្តដ៏គួរឲ្យរីករាយ ពីព្រោះរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យប្រែក្លាយ សេដ្ឋកិច្ចកម្ពុជា ដែលជាប្រពៃណីពឹង ផ្អែកលើវិស័យកសិកម្ម ទៅជាសេដ្ឋកិច្ចដែលពឹង ផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម ដោយប្រើប្រាស់ វិស័យ ឧស្សាហកម្មនិងសេវាកម្មជាវិស័យគន្លឹះសម្រាប់ជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។ ប៉ុន្តែការរីករាលដាលជាសកល នៃ ជំងឺកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់ នូវភាពផុយស្រួយ និងភាពងាយរងគ្រោះ នៃសេដ្ឋកិច្ចមួយដែលពឹងផ្អែកលើ វិស័យឧស្សហកម្ម និងសេវាកម្មជាចម្បង ។ នៅពេលការរីករាលដាល នៃជំងឺកូវីដ-១៩ បានផ្ទុះឡើង នៅដើមឆ្នាំ២០២០ វិស័យទេសចណ៍កម្ពុជា ដែលជាឆ្អឹងខ្នងនៃវិស័យ សេវាកម្ម របស់កម្ពុជា បានទទួលរង នូវផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដោយសារតែការ អនុវត្តវិធានការបិទ ប្រទេសនិងរឹតបន្តឹង ចរាចរណ៍ឆ្លងកាត់ព្រំដែន នៅស្ទើរពាសពេញពិភពលោក ដោយរួមទាំងប្រទេសកម្ពុជា ផងដែរ ។

ចំនួនទេសចរបរទេសមកទស្សនា ប្រទេសកម្ពុជា បានធ្លាក់ចុះយ៉ាងគំហុក ដែលការបាត់បង់ភ្ញៀវទេសចរនេះ បានវាយប្រហារវិស័យ សេវាកម្មយ៉ាងធ្ងន់ធ្ងរ។ វិស័យវាយនភណ្ឌ ដែលជាសសរទ្រូង នៃវិស័យឧស្សាហកម្មកម្ពុជា ក៏ជួបប្រទះនូវផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរស្រដៀងគ្នានេះផងដែរ ដោយសារតែតម្រូវ ការទំនិញបានធ្លាក់ចុះ មានភាពរអាក់រអួល ក្នុងការផលិត ដែលបណ្ដាលមក ពីការរាំងស្ទះនូវការ ដឹកជញ្ជូនវត្ថុធាតុដើម និងការលំបាកក្នុង ការដឹកជញ្ជូនផលិតផល ទៅកាន់ទីផ្សារ ។ ជារួម ដោយសារតែវិស័យសំខាន់ៗ ដែលជាសសរទ្រូង នៃសេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយប្រហារ ដោយការរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២០ ផលិតផលក្នុងស្រុក សរុប របស់កម្ពុជា បានធ្លាក់ចុះរហូតដល់ -៣.១% ដែលនេះគឺជាអត្រា ទាបបំផុតមួយដែលកម្ពុជា មិនធ្លាប់ជួបប្រទះក្នុងរយៈពេល ជាងមួយទសវត្សរ៍ ចុងក្រោយនេះ ។

នៅក្នុងស្ថានភាពនៃវិបត្តិបែបនេះ យើងសង្កេតឃើញថា វិស័យដែលមានភាពធន់មាំដែលអាចទ្រាំទ្រនឹងវិបត្តិបានរឹងមាំជាងគេបំផុត គឺវិស័យកសិកម្ម។ ទាំងរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពិភពលោក ដូចជាធនាគារពិភពលោកជាដើម សុទ្ធតែទទួលស្គាល់ថា វិស័យកសិកម្ម មានភាពធន់មាំខ្លាំងជាងគេបំផុត នឹងជាមូលដ្ឋានគ្រឹះ សម្រាប់ទ្រទ្រង់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា នាពេលខាងមុខ ។ នៅក្នុងបរិបទនេះ រដ្ឋាភិបាលកម្ពុជា បានអនុវត្តគោល នយោយបាយ ជំរុញលើកទឹកចិត្ត ឲ្យប្រជាជនបង្កើនការ ដាំដុះ និងការផលិតនៅ ក្នុងវិស័យកសិកម្ម ដើម្បីស្រូបយកកម្លាំង ពលកម្មមកពីវិស័យផ្សេងៗទៀត ដែលរងផលប៉ះពាល់ពីការរីករាលដាល នៃជំងឺកូវីដ-១៩ ។ ជាការពិត ការជំរុញលើកទឹកចិត្តនេះ ហាក់ដូចជាទទួល បានជោគជ័យ ដោយគេសង្កេត ឃើញនូវកំណើន នៃ ផលិតផលកសិកម្ម ។ ក៏ប៉ុន្តែជោគជ័យនោះ ក៏បង្កើតបាននូវបញ្ហាប្រឈមថ្មី មួយទៀតសម្រាប់កម្ពុជាផងដែរ គឺកង្វះទីផ្សារ ដើម្បីស្រូបយកផលិត ផលកសិកម្ម ពីព្រោះទីផ្សារក្នុងស្រុកមានទំហំតូច ដែលមិនអាចស្រូបយកអស់ នូវផលិតផលកសិកម្ម ដែលត្រូវផលិតបាន។ បញ្ហាកង្វះទីផ្សារ គឺជាបញ្ហាប្រឈម ដ៏រ៉ាំរ៉ៃមួយ ដោយស្ទើរតែនៅគ្រប់ពេល នៃរដូវប្រមូលផល ប្រជាកសិករ តែងតែត្អូញត្អែរ អំពីការធ្លាក់ចុះ នៃតម្លៃផលិតផល កសិកម្មរបស់ពួកគេ និងកង្វះអ្នកទិញ ។ ប៉ុន្តែការរីករាល ដាល នៃជំងឺកូវីដ-១៩ បានធ្វើឲ្យបញ្ហានេះកាន់តែមានសភាពធ្ងន់ធ្ងរ ។ ជាធម្មតា ផលិតផល កសិកម្មទាំងនេះ ត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាង របស់កម្ពុជា ជាមុនសិន មុនពេលដែលផលិតផល កសិកម្មទាំងនេះ ត្រូវនាំចេញ បន្ត ទៅកាន់ប្រទេសគោលដៅ ប៉ុន្តែនៅពេលមានការរីករាលដាល នៃជំងឺកូវីដ-១៩ ចរាចរណ៍ឆ្លងកាត់ព្រំដែន ត្រូវបានរឹតបន្តឹង ឬត្រូវបាន បិទទាំងស្រុង ដែលធ្វើឲ្យរាំងស្ទះដល់ ការនាំចេញផលិតផល កសិកម្មទាំងនោះទៅកាន់ប្រទេស ជិតខាងកម្ពុជា ។

វិធានការដោះស្រាយជាបណ្ដោះអាសន្ន ដែលត្រូវបាន ដាក់ ចេញដោយរដ្ឋាភិបាលកម្ពុជា ដូចជាការបញ្ចេញទុន ដើម្បីទិញផលិតផលកសិកម្ម ទាំងនោះយកមករក្សាទុក និងការអំពាវនាវឲ្យប្រជាជន ចូល រួមទិញនិងប្រើប្រាស់ផលិតផល កសិកម្មក្នុងស្រុក មិនអាចដោះស្រាយ បញ្ហាប្រឈមនេះក្នុងរយៈពេលវែង ប្រកបដោយប្រសិទ្ធភាពនិងចីរភាព បាននោះឡើយ ពីព្រោះតម្រូវការក្នុងស្រុក នៅមានកម្រិតទាប។ ការនាំចេញផលិតផលកសិកម្ម ទាំងនោះឆ្ពោះទៅកាន់ប្រទេសជិត ខាងដែលមិនមែនជាទីផ្សារប្រើប្រាស់ផ្ទាល់ ក៏មិនអាច ដោះស្រាយបញ្ហា ប្រឈមនេះប្រកបដោយប្រសិទ្ធភាព និងចីរភាពផងដែរ។ ការស្វែងរកទីផ្សារ ដែលប្រើប្រាស់ផ្ទាល់នូវផលិតផលកសិកម្មកម្ពុជា គឺជាដំណោះស្រាយរយៈពេលវែង ដែលមានចីរភាពនិង មានប្រសិទ្ធភាព ។

ការយល់ព្រមរបស់ប្រទេសចិន ក្នុងទទួលទិញផលិតផលកសិកម្មដោយផ្ទាល់ ពីកម្ពុជា និងការចុះកិច្ចព្រមព្រៀមពាណិជ្ជកម្ម សេរីកម្ពុជា ចិនដែលនឹងចូលជាធរមាន នៅដើមឆ្នាំ២០២២ ខាងមុខនេះ គឺជាឱកាសដ៏ល្អ សម្រាប់កម្ពុជា ពីព្រោះទីផ្សារចិន គឺជាទីផ្សារធំជាងគេបំផុត ដែលមានប្រជាជន ជាង១៤០០លាននាក់ ហើយប្រទេសចិន ក៏ជាប្រទេសនាំចូលផលិតផលកសិកម្មធំជាងគេបំផុត មួយនៅលើពិភពលោក ផងដែរ។ ការបោះជំហានចូល ទៅកាន់ទីផ្សារចិន គឺជាឱកាសដ៏ល្អសម្រាប់រដ្ឋាភិបាល វិស័យឯកជន និងប្រជាកសិករកម្ពុជា ។

ការបើកចំហទីផ្សារចិន កាន់តែធំទូលាយ ដើម្បីទទួលយក ផលិតផលកសិកម្មកម្ពុជា នឹងជួយជំរុញកំណើន នៃវិស័យកសិកម្ម ដែល នឹងជួយរក្សាស្ថេរភាព សេដ្ឋកិច្ចកម្ពុជានៅក្នុងបរិបទជំងឺកូវីដ-១៩ និងជួយស្ដារសេដ្ឋកិច្ចកម្ពុជា នៅក្រោយពេលជំងឺកូវីដ-១៩ ដោយវិស័យនេះ នឹងជួយស្រូបយកកម្លាំងពលកម្ម ដែលបានបាត់បង់ការងារ នៅក្នុងវិស័យដទៃ ផ្សេងទៀត។ ទន្ទឹមគ្នានេះដែរ ការនាំចេញ ផលិតផលកសិកម្ម ទៅកាន់ប្រទេសចិន ក៏នឹងជួយរដ្ឋាភិបាលកម្ពុជា សម្រេចគោលដៅ នៃគោលនយោបាយអភិវឌ្ឍន៍ វិស័យ ឧស្សាហកម្ម របស់ខ្លួនផងដែរ ដោយកម្ពុជាមានគោលដៅ បង្កើនការនាំចេញទំនិញ កែឆ្នៃកសិកម្មឲ្យបាន១២% នៃបរិមាណនាំចេញសរុប នៅត្រឹមឆ្នាំ២០២៥ ។

ជាងនេះទៅទៀត ការ អនុញ្ញាត ឲ្យផលិតផលកសិកម្មកម្ពុជា ចូលទៅកាន់ទីផ្សារប្រទេសចិន ក៏នឹងជួយកាត់បន្ថយឱនភាព ពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងចិន ដែលឱភាពពាណិជ្ជកម្មនេះ បានក្លាយជាប្រធានបទ ដ៏ពេញនិយមមួយដែលអ្នកវិភាគ ជាច្រើនបានលើកយកមកធ្វើជា ហេតុផល សម្រាប់រិះគន់គោលនយោបាយ ការបរទេស របស់កម្ពុជា ចំពោះចិន ដោយអ្នករិះគន់ទាំងនោះមិនបានវាយតម្លៃ ប្រកបដោយតុល្យភាព អំពីសារៈសំខាន់នៃការនាំចូលវត្ថុធាតុដើម និងសម្ភារៈបរិក្ខាចាំបាច់ដទៃទៀត ពីប្រទេសចិនដើម្បីទ្រទ្រង់ផលិតកម្ម របស់កម្ពុជា ជាពិសេសផលិតកម្មនៅក្នុង វិស័យវាយនភណ្ឌ ដើម្បីបម្រើឲ្យការនាំចេញទំនិញ របស់កម្ពុជា នោះឡើយ ។
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាចិន នៅក្នុងឆ្នាំ២០២០ មានតម្លៃប្រហែល ៨.១ពាន់លានដុល្លារអាមេរិក ដោយមានការថយចុះ ប្រហែល៥% បើធៀប នឹងឆ្នាំ២០១៩ កន្លងទៅ ដោយសារតែទទួលរងផលប៉ះពាល់មកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ការនាំចេញទំនិញ របស់កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២០ មានតម្លៃជាង១ពាន់លានដុល្លារអាមេរិក ដែលវាបង្ហាញនូវឱនភាព ពាណិជ្ជកម្មរបស់កម្ពុជា នៅក្នុងទំនាក់ទំនង ពាណិជ្ជកម្ម ជាមួយប្រទេសចិន ប៉ុន្តែបើយើងពិនិត្យមើល ទៅលើនិន្នាការ នៃការនាំចេញ យើងសង្កេតឃើញថា ការនាំចេញទំនិញពីកម្ពុជា ទៅកាន់ប្រទេសចិន កំពុងកើនឡើងជាសន្សឹមៗ ដោយតម្លៃ នៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២០ មានកំណើន៨.១១% បើធៀបទៅនឹងតួលេខនៅក្នុងឆ្នាំ២០១៩ ជាងនេះទៅទៀត ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២១នេះ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសចិន មានកំណើន រហូតទៅដល់ជាង ៥០% បើធៀបទៅនឹងតម្លៃនៃការនាំចេញទំនិញទៅកាន់ប្រទេសចិន ក្នុងរយៈពេលដូចគ្នានេះ នៅក្នុងឆ្នាំ២០២០កន្លងទៅ ដោយក្នុងរយៈពេល៨ខែដំបូងនេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសចិន ដែលមានតម្លៃ ជាងមួយពាន់លានដុល្លារអាមេរិក រួចទៅហើយ ។

ទន្ទឹមនឹងនេះ ការបំពេញតាមលក្ខខណ្ឌតម្រូវដើម្បីធ្វើការនាំចេញ ទំនិញទៅកាន់ប្រទេសចិនដោយផ្ទាល់ ក៏នឹងផ្ដល់ការត្រៀមខ្លួនយ៉ាងល្អសម្រាប់កម្ពុជា ក្នុងការទាញយកអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីមួយចំនួនផ្សេងទៀត ដែលនឹងចូលជាធរមាន នាពេលខាងមុខ ផងដែរ។
ក៏ប៉ុន្តែឱកាសនេះ គឺជាឱកាសដោយត្រូវអមទៅ ដោយបញ្ហាប្រឈម។ នៅក្នុងចំណោម បញ្ហាប្រឈមចម្បងនានា ការបំពេញតាមលក្ខខណ្ឌ បទដ្ឋានអនាម័យ និង ភូតគាមអនាម័យ និងសុវត្ថិភាព ចំណីអាហារ គឺជាបញ្ហាប្រឈមចម្បង ដែលភាគីពាក់ព័ន្ធទាំងអស់ ដោយរួមទាំងរដ្ឋាភិបាល វិស័យឯកជន និង ប្រជាកសិករ ត្រូវចូលរួមដោះស្រាយជាមួយគ្នា ។ ការកែលម្អរចនាសម្ព័ន្ធ និងសេវាដឹកជញ្ជូន និង ឡូជីស្ទីក ដើម្បីកាត់បន្ថយថ្លៃ ដើមនិងបង្កើនប្រសិទ្ធភាព និងល្បឿននៃការដឹកជញ្ជូន ដែលនឹងជួយបង្កើនភាព ប្រកួតប្រជែងរបស់ទំនិញ កសិកម្មកម្ពុជា ក៏ជាបញ្ហាប្រឈម ដ៏ចម្បងមួយផងដែរ ។

សរុបមក យើងមិនអាចរំពឹងថាការអនុញ្ញាតរបស់ប្រទេសចិន ឲ្យផលិតផលកសិកម្មកម្ពុជា ចូលទៅកាន់ទីផ្សារចិន និងការចូល ជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជាចិន នឹងធ្វើឲ្យផលិតផលកសិកម្មកម្ពុជា ហូរចូលទៅកាន់ទីផ្សារចិន ដោយឯកឯង យ៉ាងរលូននោះឡើយ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងរួមគ្នា ធ្វើការដោះស្រាយបញ្ហា ប្រឈមនានា ដើម្បីអនុញ្ញាតឲ្យកម្ពុជា អាចទាញយកអត្ថប្រយោជន៍ ជាអតិបរិមាពីឱកាសនេះ ៕

To Top