ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀងពាណិជ្ជកម្មធំ ជាងគេបំផុតលើពិភពលោក ចូលជាធរមានហើយ

ហ្សាកាតា៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោករហូតមកដល់ពេលនេះ បានចូលជាធរមាននៅថ្ងៃសៅរ៍នេះ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំត្រូវបានសាទរដោយតំបន់អាស៊ីប៉ាស៊ីហ្វិកថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ និងជាសន្ទុះជាថ្មីជុំវិញពិភពលោកសម្រាប់ពាណិជ្ជកម្មសេរី និងពហុភាគីនិយមនៅគ្រានៃភាពមិនប្រាកដប្រជាជាសកល។

ការចុះហត្ថលេខាក្នុងខែវិច្ឆិកា ឆ្នាំ២០២០ RCEP បានប្រមូលផ្តុំសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលគ្របដណ្តប់ប្រហែល ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុប និងប្រជាជនរបស់ពិភពលោក និង រួមបញ្ចូលទាំងល្បាយ នៃប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍផងដែរ។

លេខាធិការដ្ឋានអាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតា បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃសៅរ៍នេះថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមានសម្រាប់ប្រទេសអូស្ត្រាលី ប្រ៊ុយណេ កម្ពុជា ចិន ជប៉ុន ឡាវ នូវែលសេឡង់ សិង្ហបុរី ថៃ និងវៀតណាម។

លេខាធិការដ្ឋានអាស៊ានបានឲ្យដឹង លើសពីនេះ កិច្ចព្រមព្រៀងក៏នឹងចូលជាធរមាននៅថ្ងៃទី០១ ខែកុម្ភៈ សម្រាប់កូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមកិច្ចព្រមព្រៀងនេះ ការអនុវត្ត RCEP នឹងចាប់ផ្តើម ៦០ថ្ងៃបន្ទាប់ពីការផ្តល់សច្ចាប័នដោយប្រទេសអាស៊ានចំនួន ៦ និងយ៉ាងហោចណាស់ប្រទេសមិនមែនអាស៊ានចំនួន ៣ ដែលសម្រេចបានមុនថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១៕

ដោយ ឈូក បូរ៉ា

To Top