ព័ត៌មានជាតិ

សម្ដេច ស ខេង ជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម និងទទួលសម្ភារជំនួយ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ព្រមទាំងទទួលនូវសម្ភារមួយចំនួយជាជំនួយឧបត្ថម្ភរបស់ក្រសួងនគរបាលវៀតណាម ផ្តល់ជូនក្រសួងមហាផ្ទៃកម្ពុជា។

ជាមួយគ្នានេះដែរ សម្ដេច ស ខេង ក៏បានអញ្ជើញ លោក តូ ឡឹម ដើម្បីពិនិត្យ និងទស្សនាសាលមហាស្របរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងទស្សនាជុំវិញបរិវេណបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីទស្សនាពីហ្វឹកហ្វឺនរបស់សិក្ខាកាមនគរបាល ដែលកំពុងសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្រោយពីបានអញ្ជើញពិនិត្យ និងទស្សនាអំពីសកម្មភាពរួម និងសមិទ្ធផលនានានៅបណ្ឌិត្យសភានគរបាលកម្ពុជា រួចមក គណៈប្រតិភូនៃប្រទេសទាំងពីរក៏បានបន្តជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធមួយចំនួនថែមទៀតផងដែរ។

ក្នុងការអញ្ជើញទទួលនូវសម្ភារមួយចំនួននេះដែរ សម្តេច ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងនគរបាលវៀតណាម ដែលមានទឹកចិត្តសប្បុរសធម៌បាននាំយកនូវសម្ភារមួយចំនួននេះជូនដល់ក្រសួងមហាផ្ទៃកម្ពុជានាពេលនេះផងដែរ៕

To Top