ព័ត៌មានជាតិ

សម្ដេច ស ខេង ទទួលស្គាល់ថា ផ្លូវខ្វះផ្លាកគំនូស សញ្ញាដោយសារថវិកា ទោះបីយ៉ាងណាត្រូវដោះស្រាយ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានទទួលស្គាល់ថា កត្តាផ្លូវ ខ្វះផ្លាកសញ្ញា គំនូសសញ្ញា ដោយសារថវិកា តែទោះបីយ៉ាងណាត្រូវ ដោះស្រាយសេសសល់ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានី-ខេត្ត ខិតខំបន្ដទៀតពីព្រោះបញ្ហានេះ ព្រោះជាចំណុចមួយសំខាន់ដែរ។

ក្នុងពិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម សម្ដេច ស ខេង បានកោតសរសើរចំពោះពលីកម្ម និងសព្វបែបយ៉ាងរបស់មន្ដ្រី មានសមត្ថកិច្ចអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេសដែលបានបំពេញភារៈកិច្ច ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ព្រមទាំង រក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក, ផ្សព្វផ្សាយអបរំច្បាប់, កសាងជួសជុលកែលំអរស្ថានភាពផ្លូវថ្នូរ, សង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១នេះ។

សម្ដេចបន្ដថា ជាពិសេស កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ បានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ឲ្យរួចផុតពីការបាត់បងជីវិត និងរងរបួសដោយសារ គ្រោះថ្នាក់ចរាចរណ៍។

សម្ដេចបញ្ជាក់ថា «កត្តាផ្លូវខ្វះផ្លាកសញ្ញា គំនូសសញ្ញា នៅតាមដងផ្លូវជាតិ និងផ្លូវជនបទ ក៏ដូចជា ឧបសគ្គ បង្កការលំបាកដល់ការបើកយានយន្ដ នេះជាការពិត ដោយសារថវិការបស់យើង ប៉ុន្ដែទោះបីយ៉ាង ណាក៏ដោយ យើងក៏បានដោះស្រាយមួយចំនួន ហើយកិច្ចនៅសេសសល់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា រដ្ឋបាលរាជធានី-ខេត្ត ខិតខំបន្ដទៀតពីព្រោះបញ្ហា នឹងជាចំណុចមួយសំខាន់ដែរ។

សម្ដេចបន្ដថា «ប៉ូលីសចរាចរណ៍គ្នាពិបាកណាស់ ហើយប៉ូលីសចរាចរណ៍ហ្នឹងមែនទែនទៅ គឺធ្វើការទាំងយប់ និងទាំងថ្ងៃ នៅប្រចាំ ភ្លៀងផងក៏នៅហ្នឹង ពេលក្ដៅក៏នៅហ្នឹង ហើយមានប្ដូរវេន ហើយពេលខ្លះវេនយប់ ចឹងទៅ អ្នកខ្លះក្រោកពីព្រលឹម ឃើញថា តស៊ូ។ តែអត់ផ្លាកសញ្ញាទៀត យើងទៅចាប់គេ គេសួរថា អ្នកឯងមានស្អីមានជាសម្អាងមកឃាត់ខ្ញុំ ថាខ្ញុំអត់ខុស ពីព្រោះផ្លូវហ្នឹងអត់ផ្លាកសញ្ញាអាហ្នឹងយើងឆ្លើយអត់រួចទេ។ ខ្ញុំស្នើ ក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យ ដើម្បីនឹងជំរុញការងារបន្ដទៀត»។

នាឱកាសនោះ សម្ដេច ស ខេង ក៏បានរំលឹកថា នៅពេលគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដាក់ចេញនូវការដឹកនាំក្នុងការរឹតបន្ដឹងច្បាប់ តាមអនុក្រឹត្យដែលបានធ្វើវិសោធនកម្ម ពេលនោះក៏មានប្រតិកម្ម ចំនួនពីធំៗ ទីមួយ ប្រតិកម្មអបអរសាទរ និងទីពីរ ប្រតិកម្មមិនគាំទ្រ។ ដោយលើកហេតុផលថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ មិនគួររឹតបន្ដឹងនាំឱ្យប៉ះពាល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពេលផាកពិន័យ ប្រជាពលរដ្ឋមិនមានថវិកាបង់។

សម្ដេច មានប្រសាសន៍ថា «ប៉ុន្ដែយើងគិតទៅ ជាយោបល់មួយដែល ប៉ុន្ដែយើងត្រូវគិតថា បើសិនជាគាត់គោរពច្បាប់ចរាចរណ៍ លុយទាំងឡាយ អត់ត្រូវបាច់បងទេ ហើយជីវិតរបស់គាត់នៅទៀត។ ប៉ុន្ដែផ្ទុយទៅវិញ បើគាត់មិនគោរពច្បាប់ លុយក៏បាច់ ជូនអីជីវិតក៏បាច់ ឬក៏អាចរងរបួស ។ ដូច្នេះហើយ ការយល់ឃើញបែបនេះ គឺយើងបន្ដរឹតបន្ដឹង លទ្ធផលដូចបានបញ្ជាក់ខាងលើចឹង» ៕

To Top