ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ អាវុធរបស់អាមេរិក នគរបាលកម្ពុជា ប្រើបច្ចុប្បន្នមិនច្រើនឡើយ គឺសល់ពីសម័យសង្គ្រាម និងចាស់ៗ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា អាវុធរបស់អាមេរិកដែលកងកម្លាំងនគរបាលប្រើនាពេលបច្ចុប្បន្ន មិនច្រើនប៉ុន្មានឡើយ គឺសល់ពីសម័យសង្គ្រាម ហើយចាស់ៗផងដែរ។

សម្ដេច ស ខេង ថ្លែងបែបនេះក្រោយពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញបទបញ្ជាឲ្យអង្គភាពប្រដាប់អាវុធទាំងអស់ ត្រូវត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធារបស់អាមេរិកដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាទាំងនោះ ទៅកំទេចចោល ឬរក្សាទុកក្នុងឃ្លាំង។

ការចេញបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសថា អាមេរិកនឹងបន្ថែមវិធានការកំណត់ថ្មីលើការនាំចេញឡើងវិញ នូវប្រភេទទំនិញរស៊ើបរបស់ខ្លួនមកកាន់កម្ពុជា និងព្រមទាំងមានការហាមឃាត់លក់អាវុធនិ ងសម្ភារៈយោធាដល់កម្ពុជា ដោយក្រោមហេតុផលថា មានអំពើរំលោភបំពានសិទ្ធិមនុស្ស អំពើពុករលួយ និងការអនុញ្ញាត បង្កើនវត្តមានយោធាចិន ក្នុងប្រទេសកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេច ស ខេង បានឲ្យដឹងថា ថ្មីៗកន្លងទៅនេះ កងកម្លាំងបានប្រមូលអាវុធប្រមាណជាង៥០០ដើមដែលគេយកអាវុធកែច្នៃ យកជួញដូរ ប៉ុន្ដែរឿងនេះ ក្រសួងមហាផ្ទៃ បានចាប់ផ្ដើមប្រគល់វត្ថុតាំង ហើយប្រគល់មនុស្សដែលមានការជួញដូរនេះ ប្រគល់ឲ្យក្រសួងការពារជាតិ ធ្វើបន្ដទៀត ទាក់ទងបទល្មើសយោធា។

សម្ដេចបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមើលមិនច្រើនប៉ុន្មានទេ ហើយកាំភ្លើងចាស់ៗ ព្រោះយើងអត់មានទិញមកជាប្រព័ន្ធ ឬមួយទាំងដុំមកទេ អាចថា កាំភ្លើងបន្សល់ទុកពីសម័យសង្គ្រាម ចាស់ៗ។ បើមានកាំភ្លើងខ្លីឯកជនទិញមកប្រើប្រាស់។ ប៉ុន្ដែថា ឲ្យរដ្ឋាភិបាលយើងទិញពីអាមេរិកមក គឺអត់មានទេ»៕

To Top