ព័ត៌មានជាតិ

ឡាវ សរសើរកម្ពុជា ជាប្រទេស ដ៏ល្អសម្រាប់ការស្នាក់នៅ

ភ្នំពេញ៖ ឡាវ បានកោតសរសើរកម្ពុជាថា ជាប្រទេសដ៏ល្អសម្រាប់ការស្នាក់នៅ និងបំពេញការងារការទូត ដោយម្យ៉ាងប្រជាជន មានសមានចិត្តល្អ រួសរាយរាក់ទាក់ និងម្យ៉ាងទៀតមានការគាំទ្រ និងសហការល្អពីថ្នាក់ដឹកនាំ កម្ពុជាគ្រប់ជាន់ថ្នាក់ ។ នេះជាការបញ្ជាក់របស់លោក អាំផៃ គីនដាវង់ ឯកអគ្គរដ្ឋទូតឡាវចប់អាណត្តិ ប្រចាំកម្ពុជា ។

ក្នុងឱកាសអនុញ្ញាតឲ្យ លោក អាំផៃ គីនដាវង់ ឯកអគ្គរដ្ឋទូតឡាវ ចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីថ្ងៃទី២៣ ធ្នូ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ លោកទូត ប្រទេសទាំងពីរ បានរៀបចំការផ្លាស់ ប្តូរទស្សនកិច្ចកម្រិតខ្ពស់ នៃប្រទេសទាំងពីរ និងទទួលបានសមិទ្ធផលប្រកបដោយផ្លែផ្កា។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូតបានថ្លែងថា ក្នុងអាណត្តិបេសកម្មការទូត លោកសង្កេតឃើញកម្ពុជាមានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស នៅលើគ្រប់វិស័យ ហើយប្រសិន បើគ្មានវិបត្តិជំងឺកូវីដ-១៩ នោះទេ កម្ពុជាពិតមានសន្ទុះនៃការរីកចម្រើន យ៉ាងខ្លាំងជាងនេះ ជាក់ជាមិនខាន។

ផ្ទាំងពាណិជ្ជកម្ម

លោកឯកអគ្គរដ្ឋទូត អាំផៃ គីនដាវង់ ក៏បានថ្លែងកោតសរសើរថា «កម្ពុជាជាប្រទេស ដ៏ល្អសម្រាប់ការស្នាក់នៅ និងបំពេញការងារការទូត ដោយម្យ៉ាងប្រជាជន កម្ពុជាមានសមានចិត្តល្អ និងរួសរាយរាក់ទាក់ និងម្យ៉ាងទៀតមានការគាំទ្រ និងសហការល្អពី ថ្នាក់ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់» ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ការផ្តល់ជំនួយដ៏ថ្លៃថ្លាជូន ប្រទេសឡាវ រួមមាន ថវិកា វ៉ាក់សាំងកូវីដ-១៩ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ជាបន្តបន្ទាប់ ជាពិសេសនៅក្នុងឱកាសនៃ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកនាយករដ្ឋមន្រ្តីឡាវ ផនខាំ វីផាវ៉ាន់ នាពេលថ្មីៗនេះ ៕

To Top
×