ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន អញ្ជើញក្រុងពាលី បញ្ចុះបឋមសិលា កសាងសាលារៀន ១ខ្នង ៤បន្ទប់ នៅក្នុងបឋមសិក្សាពោធិ៍ធំ

ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាកសាងសាលារៀន ១ខ្នង ៤បន្ទប់ ស្ថិតនៅក្នុងបឋមសិក្សាពោធិ៍ធំ ភូមិព្រៃតាពៅ ឃុំ ចំបក់ ស្រុកស្វាយជ្រំ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។

គម្រោងសាងសង់អគារនេះ លើទីធ្លាដែលមានទំហំ ៩ម៉ែត្រ x ៣២ម៉ែត្រ ធ្វើពីបេតុង ប្រកក្បឿង ក្នុងគម្រោងចំណាយថវិកា ប្រមាណ ២១៨លានរៀល និងគ្រោងចំណាយពេលសាងសាង់ ក្នុងប្រមាណជា ៤ខែ ដែលជាអំណោយ របស់សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្វាយរៀង ។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរឲ្យជាងត្រូវសាងសង់អគារនេះ គោរពតាមស្តង់ដារ និងធានាបាននូវគុណភាពល្អ ត្រូវធ្វើការដោយប្រយ័ត្នប្រយែង និងត្រូវគោរពតាមវិធានការ របស់សុខាភិបាល ៣ការពារ និង៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត បានឧបត្ថម្ភ ជាងចំនួន ១៣នាក់ ក្នុងម្នាក់ៗទទួលបាន អាវរងា ១ អាវយឺត ១ ម៉ាស់ ជែល ១ដប ថ្នាំផ្តាសាយ ១ប្រអប់ និងថវិកា ៥ម៉ឺនរៀល ចំណែកឯ សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ គ្រូបង្រៀន ១៦នាក់ ប្រជាការពារ ៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ៕

To Top